កោះកុង៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំឬស្សីជ្រុំ កំពុងបង្កើនការពន្យល់បង្រៀនប្រជាពលរដ្ឋមូលដ្ឋាន អំពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងកាលបរិច្ឆេទថ្ងៃបោះឆ្នោត។
លោក ផង់ សុផាន់ណា ប្រធានគណបក្សប្រជាជនកម្ពុជាឃុំឬស្សីជ្រុំ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រោមការណែនាំបន្ថែមពីលោក អន សុធារិទ្ធ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកថ្មបាំង គឺលោកបានដឹកនាំក្រុមការងារគណបក្សចុះសំណេះសំណាល និងបង្រៀនប្រជាពលរដ្ឋភូមិគគីរជ្រុំ និងភូមិត្រពាំងឈើត្រាវ ដើម្បីយល់ដឹងអំពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវល្អ។
លោក បានថ្លែងថា ៦ថ្ងៃមកនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំឬស្សីជ្រុំ ចុះផ្សព្វផ្សាយពីខ្លឹមសារសំខាន់ៗគោលនយោបាយ អំពីការគូសសន្លឹកឆ្នោត ការណែនាំពលរដ្ឋទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បំរើលើការបោះឆ្នោត ករណីអត្តសញ្ញាណប័ណ្ណហួសសុពលភាព ខូច ឬបាត់ប្រការណាមួយ។ ជាពិសេសគឺថ្ងៃកាលបរិច្ឆេទទៅបោះឆ្នោត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
បើតាមលោក ផង់ សុផាន់ណា ប្រជាពលរដ្ឋប្រមាណ ៥៣ខ្នងបានយល់ដឹងច្បាស់លាស់ពីខ្លឹមសាររបស់គោលនយោបាយគណបក្សប្រជាជនកម្ពុជា អត្តសញ្ញាណប័ណ្ណមានគ្រប់គ្រាន់ រីឯពលរដ្ឋតិចតួចប៉ុណ្ណោះដែលខូច ឬបាត់អត្តសញ្ញាណ ដោយក្រុមការងារក៏ជំរុញដល់ពួកគាត់សូមប្រញាប់ទៅឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតទាន់ពេលវេលាត្រឹមថ្ងៃ៣ ខែមិថុនា ខាងមុខ នៅអនុវិទ្យាល័យ និងវិទ្យាល័យឬស្សីជ្រុំ៕





