ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានបើកសម្ពោធព្រឹត្តិការណ៍ «ផ្សាររាត្រីឥណ្ឌូនេស៊ី» លើកទី២ ប្រចាំឆ្នាំនេះ នៅវិថីថ្មើរជើងចតុមុខ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោក គ្រីស្នាជី (Krishnajie) ភារធារីស្តីទីនៃស្ថានទូតឥណ្ឌូនេស៊ី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កាតឺ ម៉ូហាម៉ាដ ណូសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ីមរ៉ាន់ ហាសាន់ អភិបាលរងរាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីនេះ លោក គ្រីស្នាជី (Krishnajie) បានឱ្យដឹងថា គំនិតផ្តួចផ្តើមដែលចាប់ផ្តើមតាំងពីឆ្នាំ២០២៤នេះ គឺជាវេទិកាដ៏សំខាន់ក្នុងការផ្សព្វផ្សាយផលិតផល ម្ហូបអាហារ និងវប្បធម៌ឥណ្ឌូនេស៊ី ព្រមទាំងជំរុញការជួបជុំ និងការស្វែងយល់ពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ និងភ្ញៀវទេសចរអន្តរជាតិ។
បច្ចុប្បន្ន ឥណ្ឌូនេស៊ី គឺជាប្រភពនាំចូលធំជាងគេទី៦ មកកាន់កម្ពុជា ដែលមានទំហំនាំចេញសរុបចំនួន ១,០២១ ពាន់លានដុល្លារអាម៉េរិក គិតក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦។ ផលិតផលឥណ្ឌូនេស៊ីជាច្រើន ដូចជា អាហារសម្រន់ មីកញ្ចប់ ឱសថ និងផលិតផលថែរក្សាខ្លួន កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជា។
ក្នុងឱកាសបើកសម្ពោធ ស្ថានទូតបានប្រគល់វិញ្ញាបនបត្រ Duta Rasa Nusantara ដល់ភោជនីយដ្ឋានឥណ្ឌូនេស៊ីចំនួនពីរនៅក្បែរព្រះបរមរាជវាំង គឺភោជនីយដ្ឋាន Padang Nusantara និង Nong & Krong ដើម្បីលើកកម្ពស់បេតិកភណ្ឌម្ហូបអាហារឥណ្ឌូនេស៊ី និងផ្តល់ជម្រើសអាហារហាឡាល (Halal) ដល់សហគមន៍មូស្លីម និងភ្ញៀវទេសចរ។
សូមបញ្ជាក់ថា ក្រៅពីការតាំងបង្ហាញផលិតផល និងម្ហូបអាហារ ព្រឹត្តិការណ៍នេះ ក៏មានការសម្តែងរបាំ តន្ត្រីប្រពៃណីឥណ្ឌូនេស៊ី ការចូលរួមច្រៀងពីតារាចម្រៀងកម្ពុជា ព្រមទាំងការសម្តែងក្បាច់គុនប្រពៃណីឥណ្ឌូនេស៊ី ដោយកីឡាករកម្ពុជា ដែលបង្ហាញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ៕ អត្ថបទ៖ ឈិត បូរ៉ាវី









