ខេត្តកណ្តាល៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះទទួលស្វាគមន៍សមាជិកគាំទ្រគណបក្សភ្លើងទៀនចំនួន ៤៩នាក់ ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាអភិបាលខេត្តកណ្តាល។
នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សុវត្ថិភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោក រស់ ចំណាន ក៏បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ ដែលបានសម្រេចចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាហូរហែ តាមរយៈក្រុមការងារកសាងបក្សគ្រប់លំដាប់ថ្នាក់ ដោយមើលឃើញពីគុណបំណាច់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ។
ជាពិសេស គុណូបការៈដ៏មិនអាចកាត់ថ្លៃបាន គឺការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបាននាំមកនូវសុខសន្តិភាពពេញលេញផ្ទៃក្នុងប្រទេស និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិរហូតមកដល់សព្វថ្ងៃ។
មិនតែប៉ុណ្ណោះ សម្តេចតេជោ បានរៀបចំយុវជនបន្តវេន ដើម្បីបន្តវេនដឹកនាំ និងថែរក្សាសន្តិភាពជូនប្រទេសជាតិឱ្យមានភាពសុខសាន្តយូរអង្វែង មិនឱ្យជាន់ដានប្រវត្តិសាស្ត្រដ៏ជូរចត់ជាថ្មីទៀតឡើយ។ ជាក់ស្តែង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដ៏ឆ្នើម ដែលពោរពេញដោយចំណេះដឹង គុណធម៌ និងស្មារតីស្នេហាជាតិមាតុភូមិយ៉ាងជ្រាលជ្រៅ បានបង្កើតនូវសមិទ្ធផល និងស្នាដៃថ្មីៗជាច្រើនឥតគណនា ដូចអ្វីដែលយើងទាំងអស់គ្នាបានឃើញជាក់ស្តែង និងមិនអាចបំភ្លៃបានឡើយ។
បន្ទាប់ពីបញ្ចប់ពិធីទទួលស្វាគមន៍ លោក រស់ ចំណាន និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ទៅចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។
ជាកិច្ចបញ្ចប់សមាជិកថ្មីទើបចូលរួមរស់ជាមួយបក្ស និងប្រជាពលរដ្ឋទទួលអំណោយបានសម្តែងនូវក្តីរំភើបរីករាយជាអនេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម គួច ចំរើន និងក្រុមការងារព្រមទាំងបានបួងសួងជូនពរដល់ថ្នាក់ដឹកនាំទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍៕



