នៅក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សន្តិភាព គឺជាគ្រឹះនៃអ្វីៗទាំងអស់។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ដីពី “លទ្ធផល នៃកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២” បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ បានរៀបចំឡើងក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកអេកម៉ិកដែលមានភាពឆ្លាតវៃ និងចីរភាព» ដោយវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំង ស្វែងរកមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី បានលើកឡើងថា សន្តិភាព គឺជាគ្រឹះនៃអ្វីៗទាំងអស់។ ទន្ទឹមនេះ សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ត្រូវតែជាមូលដ្ឋានគ្រឹះរបស់យើង។ សន្តិភាព និងស្ថិរភាព គឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភារាដ៏យូរអង្វែង។ សម្តេចធិបតី បានគូសបញ្ជាក់ថា ជោគជ័យរបស់យើងនឹងត្រូវបានវាយតម្លៃ ផ្អែកលើផលប្រយោជន៍ជាក់ស្តែង ដែលយើងអាចសម្រេចបាន ពុំមែនផ្អែកលើតែការប្តេជ្ញាចិត្តប៉ុណ្ណោះទេ។
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ បេសកកម្មរយៈពេល ២ថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានជំនួបពិភាក្សាទ្វេភាគី ជំនួបសម្តែងការគួរសម និងអញ្ជើញចូលរួមពិធីជប់លៀងដែល រៀបចំដោយ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕ អត្ថបទ៖ វីរៈ
