បាល់ទាត់៖ ក្រោយការទន្ទឹងរង់ចាំដ៏យូរពីសំណាក់អ្នកគាំទ្រ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសព័ត៌មានផ្លូវការ ជុំវិញកៅអីអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ហើយ ដោយលោក Honda ព្រមទាំងសហការី បានបន្ដកុងត្រាដឹកនាំក្រុមគោព្រៃកម្ពុជា រហូតដល់ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា តែក្នុងនោះមិនមានវត្តមានគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Felix Dalmas ឡើយ។

តាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះបានបញ្ជាក់ថា សហព័ន្ធ និងលោក Keisuke Honda រួមជាមួយសហការីរបស់ខ្លួនបានព្រមព្រៀងបន្ដកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងក្រុមធំ និងក្រុមយុវជនអាយុក្រោម ២៣ឆ្នាំ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែទន្ទឹមជាមួយការប្រកាសព័ត៌មានដ៏រសើបនេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ចំពោះលោក Felix Dalmas ដែលជាគ្រូបង្វឹក គឺពុំបានបន្ដកុងត្រាថ្មីនោះទេ។ ដូច្នេះលោក Keisuke Honda បានជ្រើសរើសគ្រូបង្វឹកថ្មី ដែលជាជនជាតិជប៉ុនដូចគ្នាមកជំនួសកៅអីលោក Felix ខណៈថ្ងៃនេះគ្រូបង្វឹកថ្មីដែលពុំទាន់បង្ហាញសមាសភាពនោះ ក៏បានបញ្ចប់ការធ្វើចត្ដាឡីស័ក ១៤ថ្ងៃដែរ។
សូមរំឭកថា លោក Keisuke Honda និងលោក Felix រួមទាំងសហការីបានចុះកុងត្រា ដឹកនាំក្រុមជម្រើសជាតិកម្ពុជាដំបូងគឺមានរយៈពេល ២ឆ្នាំកាលពីខែសីហា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០២០។ ដូច្នេះមានន័យថា អតីតកីឡាករជម្រើសជាតិជប៉ុន បានបន្ដកុងត្រាប្រមាណ ៣ឆ្នាំទៀតដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ លើកលែងតែលោក Felix ដែលបានដកខ្លួន។ ក្រោមការដឹកនាំរបស់ Honda និងលោក Felix Dalmas ហាក់ធ្វើមិនបានល្អក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ឡើយ ដោយរកបាន ១ពិន្ទុប៉ុណ្ណោះបន្ទាប់ពីឆ្លងកាត់ ៥ប្រកួតក្នុងពូល C ស្មើក្រុមភ្ញៀវហុងកុង ១-១, ចាញ់ក្រុមភ្ញៀវបារ៉ែន ១-០, ចាញ់ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ១៤-០, ចាញ់ក្រុមភ្ញៀវអ៊ីរ៉ាក់ ៤-០ និងចុងក្រោយចាញ់ក្រុមហុងកុងក្រៅដី ២-០ ហើយសល់ ៣ប្រកួតទៀតគ្រោងប្រកួតនាខែមិថុនាខាងមុខ។
ប៉ុន្តែក្រោមការដឹកនាំរបស់កីឡាករលំដាប់អន្តរជាតិ និងគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែល គឺបានជួយឲ្យក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បង្កើតកំណត់ត្រាប្រវត្តិសាស្ត្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៩ ហើយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីប្រកួតចាញ់ក្រុម U22 មីយ៉ាន់ម៉ា ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-២ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ២-២។ គួរដឹងថា ការប្រកាសបន្ដកុងត្រាថ្មីជាមួយបុរសវ័យ ៣៤ឆ្នាំនេះធ្វើឡើងក្រោយ ១សប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក Keisuke Honda បានចុះកុងត្រាលេងឲ្យក្លិប Neftci PFK នៃក្របខណ្ឌ Azerbaijan Premier League របស់ប្រទេសអាស៊ែបៃហ្សង់កាលពីសប្ដាហ៍មុន៕
អត្ថបទ៖ លី ឈុនឡា