វាយកូនបាល់៖ តារាវាយកូនបាល់អេស្ប៉ាញវ័យក្មេងដែលកំពុងរះ Carlos Alcaraz បានសង្គ្រោះពិន្ទុ Match Point ដ៏មានសារសំខាន់ក្នុងការវាយបកយកឈ្នះមិត្តរួមជាតិ Albert Ramos-Vinolas ឡើងជុំទី៣ Grand Slam, French Open។

ចាប់ផ្តើមដំបូងដោយឈ្នះ ៦-១ Carlos Alcaraz បែជាចាញ់ពីរសិតផ្ទួនៗវិញ ៦-៧(៧-៩) និង ៥-៧ មុនពេលដែលឈានដល់សិតទី៤ Ramos-Vinolas ហៀបនឹងឈ្នះទៅហើយតែ Alcaraz សង្គ្រោះពិន្ទុ Match Point អូសដល់ Tiebreak រហូតយកឈ្នះវិញ ៧-៦(៧-២) និងបន្តយកឈ្នះនៅសិតកាត់សេចក្តី ៦-៤។ កីឡាករវ័យ ១៩ឆ្នាំ Carlos Alacaraz ដែលគេគិតថាជាបេក្ខភាពអាចឈ្នះពាន French Open មួយរូបដែរនោះនឹងបន្តជួបជាមួយកីឡាករអាមេរិក Sebastian Korda នៅជុំទី៣។
ងាកមកម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូ កីឡាករអាល្លឺម៉ង់ Alexander Zverev ក៏មិនខុសពី Alacaraz ដែរដោយបានយកឈ្នះកីឡាករអាហ្សង់ទីន Sebastian Baez ទាំងលំបាកវេទនា។ បើកឆាកដំបូង Sebastian Baez បានយកឈ្នះពីរសិតដំបូង ៦-២ និង ៦-៤ តែក៏ត្រូវ Zverev យកឈ្នះពីរសិតវិញ ៦-១ និង ៦-២ និងបន្តយកឈ្នះសិតកាត់សេចក្តី ៧-៥។ ជុំទី៣ Alexander Zverev នឹងត្រូវជួបជាមួយកីឡាករអាមេរិក Brandon Nakashima៕
អត្ថបទ៖នាង សុភាវុធ