បាល់ទាត់៖ ក្រុមបាល់ទាត់អាយុក្រោម ២៣ឆ្នាំវៀតណាមនឹងប្រើប្រាស់កីឡាករជាងពាក់កណ្តាលរបស់វៀតណាម ដែលទើបឈ្នះមេដាយមាសនៅស៊ីហ្គេមលើកទី៣១ លើទឹកដីរបស់ខ្លួន សំរាប់ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ AFC U23 Asian Cup 2022 នៅអ៊ូសប៊ែគីស្ថាន។

ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមក្រុម U23 វៀតណាមត្រូវដឹកនាំដោយគ្រូបង្វឹកថ្មីលោក Gong Oh-kyun ខណៈលោក Park Hang-seo ដឹកនាំតែក្រុមធំប៉ុណ្ណោះ។ គ្រូបង្វឹកថ្មី U23 វៀតណាមបានសំរេចបែបនេះ ក្នុងការជ្រើសរើសកីឡាករដែលមានកីឡាករសំខាន់ៗដូចជាអ្នកចាំទី Nguyen Van Toan, Bui Hoang Viet Anh, Ngyen Thanh Binh និង Le Van Do ជាដើម។ ដោយឡែកសំរាប់កីឡាករដែលនៅសេសសល់លោក Gong នឹងជ្រើសរើសបន្តទៀតក្រោយបញ្ចប់ការប្រមូលផ្តុំហ្វឹកហាត់នៅទីក្រុងហាណូយ។
ក្រុម U23 វៀតណាមនឹងបោះជំរំហ្វឹកហាត់នៅទឹកដីអារ៉ាប់រួម ដែលរួមមានការប្រកួតមិត្តភាពនៅទីនោះជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប់រួម មុនបន្តដំណើរឆ្ពោះត្រង់ទៅទឹកដីអ៊ូសប៊ែគីស្ថានតែម្តង។ វៀតណាមស្ថិតក្នុងពូល C ដែលនឹងត្រូវជួបជាមួយគូប្រជែងនៅតំបន់អាស៊ីអាគ្នេយ៍សាជាថ្មីគឺក្រុមថៃនៅថ្ងៃទី២ ខែមិថុនា មុននឹងបន្តជួបជាមួយកូរ៉េខាងត្បូង និងម៉ាឡេស៊ី៕
អត្ថបទ៖នាង សុភាវុធ