ភ្នំពេញ៖ ក្រសួងទេសចរណ៍ផ្សព្វផ្សាយពីនីតិវិធី និងលក្ខខណ្ឌកម្ចីក្នុងគម្រោងសហហិរញ្ញប្បទាន សម្រាប់ការស្តារ និងជម្រុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីជួយឱ្យសហគ្រាសដែលរងការប៉ះពាល់ អាចស្តារ, ងើបឡើង និងពង្រឹងភាពប្រកួតប្រជែងអាជីវកម្មរបស់ខ្លួនឡើងវិញ។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២២នេះ ក្រសួងទេសចរណ៍ផ្សព្វផ្សាយនីតិវិធី និងលក្ខខណ្ឌកម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជម្រុញកំណើនក្នុងវិស័យទេសចរណ៍ ដែលជាវិធានការចាំបាច់ ដើម្បីជួយឱ្យសហគ្រាសរងផលប៉ះពាល់ អាចស្តារ, ងើប និងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនឡើងវិញ ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែច្នៃវិស័យទេសចរណ៍ ប្រកបដោយភាពទាក់ទាញកាន់តែខ្លាំងជាងមុន និងជាពិសេសប្រែក្លាយកម្ពុជាឱ្យទៅជាទិសដៅទេសចរណ៍ចម្បងមួយនៅក្នុងតំបន់ និងសកលលោក។
រាជរដ្ឋាភិបាល បានសម្រេចទម្លាក់កញ្ចប់ថវិកា ១៥០ លានដុល្លារ ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដំណើរការអាជីវកម្មឡើងវិញ, ការកែលម្អ និងធ្វើទំនើបកម្មសេវាកម្ម,ការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ថមថយទូទាំងសកលលោក។
ជុំវិញការផ្តល់ហិរញ្ញប្បទាននេះ, ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចូលរួមដោះបន្ទុក ដើម្បីជួយជ្រោមជ្រែងដល់វិស័យដែលរងប៉ះពាល់ខ្លាំង អាចដំណើរអាជីវកម្មឡើងវិញ ជាក់ស្តែងការផ្តល់កញ្ចប់សហហិរញ្ញប្បទានសម្រាប់ស្តារវិស័យទេសចរណ៍នេះជាដើម។
សូមបញ្ជាក់ថា៖ នៅក្នុងវិបត្តិនៃជម្ងឺកូវីដ១៩ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើននៅក្នុងវិស័យទេសចរណ៍ដូចជា៖ ការបើកប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិត ក្នុងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរការងារដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដោយម្នាក់ៗទទួលប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាម៉េរិក ក្នុងមួយខែពីរាជរដ្ឋាភិបាល, ការមិនយកកម្រៃសេវាលើការផ្តល់អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតពាក់ព័ន្ធការសុំបើកឡើងវិញដូចជា ប៉ាតង់សណ្ឋាគារ និងភោជនីយដ្ឋានជាដើម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ទេសចរណ៍ដែលមានស្រាប់ ឬ ទើបបង្កើតថ្មី, ការផ្តល់ការបណ្តុះបណ្តាលជំនាញថ្មីដល់កម្មករ-និយោជិតដែលបាត់បង់ការងារ, ការអនុវត្តកម្មវិធីសហហិរញ្ញប្បទាន, និង ការជំរុញទីផ្សារទេសចរណ៍ តាមរយៈយុទ្ធនាការផ្សព្វផ្សាយ សំដៅបង្កើនទំនុកចិត្តលើកម្ពុជា ជាគោលដៅសុវត្ថិភាព, និងការអភិវឌ្ឍផលិតផលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗជដើម៕អត្ថបទ៖ សុន រ៉ាឌី



