ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៥ ឧសភា ឆ្នាំ២០២២បាន ចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ពាណិជ្ជកម្មសេវាក្នុងវិស័យ ឌីជីថល ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងអង្គពិធីនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងនូវចំណាប់អារម្មណ៍លើការកើនឡើងយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល នៅជុំវិញពិភពលោក ជាពិសេសក្នុងអំឡុងពេលជំងឺរីករាលដាលកូវីដ-១៩។
ឯកឧត្តម បានបន្ដថា ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ និងចាប់យកនូវកាលានុវត្តភាព រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចក្នុងវិស័យឌីជីថល ជាប្រភពកំណើនថ្មី និងអាចជួយជំរុញបង្កើនផលិតភាពសម្រាប់វិស័យផ្សេងទៀតផងដែរ។
ឯកឧត្តម ប៉ានសូរស័ក្តិ បានបន្ថែមទៀតថា ក្នុងវត្ថុបំណងជំរុញនវានុវត្តន៍ និងការបើកចំហពាណិជ្ជកម្មសេវាក្នុងវិស័យឌីជីថល រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, អនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, អនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, និងអនុវត្តក្របខណ្ឌ និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។
កម្ពុជាក៏បានបង្កើតបញ្ជរតែមួយជាតិ និងអាស៊ាន, បង្កើតច្រកផ្លាស់ប្ដូរទិន្នន័យនិងព័ត៌មានរវាងរដ្ឋាភិបាល និងវិស័យឯកជន, ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីគាំទ្រប្រតិបត្តិការហិរញ្ញវត្ថុ, និងបង្កើតផ្សារអេឡិចត្រូនិកសម្រាប់ទំនិញនិងសេវាកម្ម ។
ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការទាញយកប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងច្ចេកវិទ្យាឌីជីថល ក្នុងគោលបំណងបង្កើតសមត្ថភាពផលិតកម្ម ក្នុងវិស័យសេវា និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គម ដែលប្រជាពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន ភាពទុកចិត្ត និងសុវត្ថិភាពខ្ពស់ ដោយរក្សាបានូវ អត្តសញ្ញាណនិងវប្បធម៌ជាតិខ្លួន។
ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមប៉ានសូរស័ក្តិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីពាណិជ្ជកម្ម ដឹកនាំដោយលោកជំទាវបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO។
នៅក្រោយកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តីប៉ានសូរស័ក្តិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជួបប្រជុំ ដើម្បីរកចំណុចឯកភាពរួមលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល សម្រាប់ផលប្រយោជន៍រួម ការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ១៤.៥ និងនិរន្ដរភាពនៃជលផល ព្រមទាំងប្រជានេសាទដែលពឹងផ្អែកលើវិស័យជលពលដើម្បីជីវភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងអំពីប្រព្រឹត្តកម្មពិសេស និងដោយឡែក សម្រាប់ប្រទេសកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួច ដែលកំពុងក្លាយជាបញ្ហាជាប់គាំងក្នុងកិច្ចពិភាក្សា ហើយគួរត្រូវបានដោះស្រាយភាពបត់បែនពីសមាជិកអង្គការ WTO។
ឯកឧត្តម បន្ដថា ចំពោះការឆ្លើយតបរបស់ WTO ទៅនឹងជំងឺរីករាលដាល ការចរចាផ្អែកលើអត្ថបទ គួរត្រូវបានពន្លឿន ដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗនៅពេលកិច្ចប្រជុំខាងមុខនេះ៕
អត្ថបទ៖ បូរ៉ាវី



