ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំណាងរដ្ឋាភិបាលបនៃបណ្តាប្រទេសនានា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ កងកម្លាំងរក្សាសន្តិភាពដែលបានពលីជីវិត ក្នុងបុព្វហេតុបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោក នៅសាលាហ្វឹកហ្វឺនពហុសាសន៍ ACO ខេត្តកំពង់ស្ពឺ ដើម្បីប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកម្លាំងរក្សាសន្តិភាព បានថ្លែងថា ពិធីគោរពវិញ្ញាណក្ខន្ធ កងកម្លាំងរក្សាសន្តិភាពពិភពលោកនេះ បានធ្វើឡើងស្របពេលបណ្តាប្រទេសនានា ដែលបានបញ្ជូនកម្លាំងរបស់ខ្លួនចូលរួមថែរក្សាសន្តិភាពលើពិភពលោក នាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ២៩ឧសភា លើកទី៧៤ ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយក៏ជាថ្ងៃប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុចូលរួមស្វែងរកសន្តិភាពនៅតាមប្រទេសមានជំលោះសង្គ្រាមតាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន។
លោកជំទាវ Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ថ្លែងថា ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ជាង ១លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងនោះ មានយុទ្ធជន យុទ្ធនារីថែរក្សាសន្តិភាពប្រមាណ ៤២០០នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ហើយអ្នកពលីជីវិតទាំងនោះ មានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១០ នាក់ផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា ក្នុងរយៈពេល១៦ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនអ្នកថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ជាង៨០០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួនចំនួន ៩ប្រទេស ខណៈ នៅក្នុងឆ្នាំ២០២២នេះ កម្ពុជា មានកម្លាំងមួកខៀវចំនួនជិត ៨០០នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពUN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រឹកកណ្តាល និងប្រទេសម៉ាលី៕អត្ថបទ ស៊ុម សុខជា