អ៊ុយក្រែន៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសចាប់ផ្ដើមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមតាមការចោទប្រកាន់ ធ្វើឡើងដោយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

ការបង្កើតក្រុមប្រឹក្សាលើឧក្រិដ្ឋកម្មអំពើឃោរឃៅ ត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធ។ នៅក្រោមក្របខ័ណ្ឌនេះ រដ្ឋអាជ្ញាឧក្រិដ្ឋកម្មសង្គ្រាម និងអ្នកឯកទេសផ្នែកច្បាប់នឹងផ្តល់ជំនាញ ការណែនាំ និងការគាំទ្រផ្នែកប្រតិបត្តិការដល់រដ្ឋអាជ្ញាប្រទេសអ៊ុយក្រែន។ ក្រុមនេះនឹងបញ្ជូនអ្នកជំនាញទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយប្រមូល និងវិភាគភស្តុតាង។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍ថា ភស្តុតាងនៃអំពើឃោរឃៅប្រព្រឹត្តដោយសមាជិកកងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែននៅតែបន្តកើនឡើង។ លោកនិយាយថា យើងរួបរួមគ្នានៅទូទាំងពិភពលោកក្នុងការប្តេជ្ញាចិត្តរបស់យើង ដើម្បីនាំយកអ្នកប្រព្រឹត្តឲ្យទទួលខុសត្រូវ៕
អត្ថបទ៖ ប៊ុនថន