អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកគ្មានបុរេលក្ខខណ្ឌដើម្បីចាប់ផ្តើមឡើងវិញការចរចាជាមួយរុស្ស៊ីនោះទេ។

លោក Kuleba បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ថា ប្រសិនបើរុស្ស៊ីមើលឃើញការចរចា ដូចដែលខ្លួនបានធ្វើនៅក្នុងខែដំបូងនៃសង្គ្រាមដោយដាក់ឯកសារនៅលើតុ ហើយនិយាយថា ទទួលយក ឬទុកចោល ដែលទាំងនេះមិនមែនជាការចរចានោះទេ។ លោកនិយាយថា នេះមិនមែនជាផ្នែកការទូតទេ នេះគឺជាការគំរាម ហើយគឺជាអ្វីដែលយើងនឹងមិនទទួលយក។ លោក Kuleba បានលើកឡើងថា ការវាយលុករបស់រុស្ស៊ីដែលនៅតែបន្តនៅតំបន់ Donbas និងក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្តីពីការសម្របសម្រួលការផ្តល់លិខិតឆ្លងដែនរុស្ស៊ី ដល់ពលរដ្ឋអ៊ុយក្រែននៅក្នុងទីក្រុង Kherson និង Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ីបង្ហាញថា វិមានក្រឹមឡាំងគ្មានឆន្ទៈក្នុងការចរចានោះទេ។
ប្រមុខការទូតរបស់អ៊ុយក្រែនរូបនេះនិយាយថា លោកកំពុងពិភាក្សាអំពីបញ្ហាជាច្រើនរួមទាំងកញ្ចប់ទណ្ឌកម្មទី៦ នៅក្រៅវេទិកាដោយនិយាយថា វាធ្វើឱ្យលោកព្រួយបារម្ភជាងការផ្តល់អាវុធធុនធ្ងន់ មកឱ្យអ៊ុយក្រែនទៅទៀត។ លោក Kuleba មានការសង្ស័យចំពោះលទ្ធភាពក្នុងការរៀបចំការឆ្លងកាត់ដោយសុវត្ថិភាព នៃនាវាពាណិជ្ជកម្មជាមួយគ្រាប់ធញ្ញជាតិអ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅទីក្រុង Odesa ដោយនិយាយថា វាពិបាកជឿទុកចិត្តលើរុស្ស៊ី ខណៈអ៊ុយក្រែនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហានេះ៕
អត្ថបទ៖ ប៊ុនថន