ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលម៉ាស់ចំនួន៣០ម៉ឺនម៉ាស់ ពីក្រុមហ៊ុន និងសប្បុរសជននានា ដើម្បីបំពេញតម្រូវការចាំបាច់ជូនដល់កងកម្លាំង ក្នុងឱកាសប្រតិបត្តិការបំពេញបេសកកម្មទប់ស្កាត់មេរោគកូវីដ១៩ ។
នៅក្នុងកម្មវិធីផ្តល់ និងទទួលម៉ាស់ពីក្រុមហ៊ុន និងសប្បុរសជន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នោះ ឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បាន ថ្លែងអំណរគុណ(ប្រធាន ក្រុមហ៊ុន លី ហួរ លីស៊ីងនិងក្រុមហ៊ុន រូស៊ី ហ្គាមែន) ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខសុវត្ថិភាពដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលកំពុងចូលរួមយ៉ាងមមាញឹកលើការងារប្រយុទ្ធប្រឆាំងជំងឺ ឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ នេះជាកាយវិការដ៏ប្រពៃក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។ជាពិសេសបានលើកទឹកចិត្តដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថា ជុំវិញការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នេះ គឺអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានរបស់ក្រសួងសុខាភិបាលកម្ពុជា កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងអង្គភាពតែងតែបានអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលកម្ពុជាយ៉ាងខ្ជាប់ខ្ជួន ជាពិសេសបានប្រើប្រាស់កម្លាំងចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នៅគ្រប់គោលដៅធ្វើចត្តាឡីស័ក និងគោលដៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ យ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់អ្នកជំងឺរឺអ្នកធ្វើចត្តាឡីស័ក ដែលមានបំណងរត់គេចវេសមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល។
ជាងនេះទៅទៀត ឯកឧត្តម ស ថេត ក៏បានលើកឡើងផងដែរថា ស្នងការរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងចេញល្បាតតាមរថយន្តចុះត្រួតពិនិត្យគោលដៅ ធ្វើចត្តាឡីស័ក និងគោលដៅព្យាបាលជំងឺកូវីដ១៩ និងបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបង្ការទប់ស្កាត់ និងបង្ក្រាបទីតាំងក្លឹបកម្សាន្ត ខារ៉ាអូខេ ហាងផឹកស៊ី មិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល,ចូលរួមចែកម៉ាស់និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈ នៅតាមសហគមន៍ពីផលប៉ះពាល់ជំងឺឆ្លងកូវីដ១៩ ហើយឱ្យនាំគ្នាចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នេះ កុំឱ្យឆ្លងរាលដាលទៅចូលសហគមន៍ផ្សេងទៀត៕
អត្ថបទ ៖ បាន ចក់



