តាកែវ ៖ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានបន្តបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ នៅឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។
ពិធីជួបសំណេះសំណាល និងបន្តបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ ដោយមានវត្តមានចូលរួមពីឯកឧត្តម ប៊ុន ភារិន្ទ ប្រធានក្រុមការងារចុះជួយឃុំបានកាម ព្រមទាំងប្រធានគណៈកម្មាធិការគណបក្សឃុំ និងសមាជិក សមាជិកាបក្ស។
ឯកឧត្តម បណ្ឌិត ពេជ សោភ័ន បានថ្លែងអំណរគុណដល់ពុក ម៉ែ មា មីង បងប្អូនជនរួមជាតិទាំងអស់នៅក្នុងរយៈកាលកន្លងមកនេះ ដោយការឧបត្ថម្ភគាំទ្រពីគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជូនគណបក្សតាំងពីដើម រហូតមកដល់បច្ចុប្បន្ននេះ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា។ ហើយថ្ងៃនេះជាថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត ប្រជាជនគ្រប់ភូមិ នៅទូទាំងប្រទេសកម្ពុជា បានកំពុងដំណើរការយុទ្ធនាការ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នេះជាដំណើរការដែលយើងបានអនុវត្តន៍ ក្នុងរយៈកាលជិត៣០ឆ្នាំមកនេះ ហើយលើកនេះដែរយើងកំពុងតែដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធមនុស្ស។ តើគណបក្សណា? ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្សនៅកម្ពុជា គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយ។ ដូច្នេះមានអ្នកមួយចំនួននិយាយថាកម្ពុជា អត់មានលទិ្ធប្រជាធិបតេយ្យ អត់មានសិទ្ធមនុស្ស ប៉ុន្តែនៅពេលដែលគេកំពុងនិយាយ គឺគេបានប្រើប្រាស់សិទ្ធបញ្ចេញមតិរួចទៅហើយ នេះហើយគឺជាលទិ្ធប្រជាធិបតេយ្យនៅកម្ពុជា។ បើសិនជាយើងទាំងអស់គ្នា ចង់បានលទិ្ធប្រជាធិបតេយ្យ និងសិទ្ធមនុស្សបន្ត ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម បណ្ឌិត ពេជ សោភ័ន បានលើកឡើងទៀតថា កាលពីជំនាន់នោះ ប្រជាពលរដ្ឋកម្ពុជា នៅក្នុងមាត់រណ្តៅមរណៈ យើងត្រូវជួបប្រទះនូវការកាប់សម្លាប់អស់ជាង៣លាននាក់ក្នុងពេលនោះ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរំដោះ និងសង្រ្គោះជាតិ។ ថ្ងៃនេះ ខុសប្លែកពីថ្ងៃមុន គឺយើងមានផ្លូវកៅស៊ូ អគ្គីសនីតាមផ្លូវ តាមផ្ទះ សាលារៀន មនី្ទរពេទ្យ វត្តអារាម ជាពិសេសយើងមានកម្មសិទ្ធឯកជន សេរីភាព និងមានសិទ្ធដើរហើរគ្រប់ទិសទី។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ បាននាំមកនូវការអភិវឌ្ឍន៍សង្គម និងមានសិទ្ធសេរីភាព។ ដូច្នេះនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនយើង ដើម្បីការពារនូវសមិទ្ធផល។
ឯកឧត្តម បានសង្កត់ធ្ងន់ថា សព្វថ្ងៃនេះ សង្រ្គាមរវាងមនុស្ស និងមេរោគកូវីដ-១៩ ដែលយើងគ្រប់គ្នាមើលមិនឃើញ មិនទាន់បានបញ្ចប់នូវឡើយទេ និងកំពុងបន្ត ដែលមានប្រជាជននៅលើពិភពលោកជាង៩២៧លាននាក់ បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះមានប្រជាជនជាង៦លាននាក់ បានស្លាប់ដោយសារមេរោកូវីដ-១៩។ ប៉ុន្តែកម្ពុជា មានភ័ព្វវាសនាដែលទេវតា បានប្រទានឲ្យ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ បានដោយជោគជ័យ រហូតមកដល់ថ្ងៃនេះពិភពលោក គេបានទទួលស្គាល់ថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ លើប្រទេសកំពូលមានជាង២០០ប្រទេស ដែលជោគជ័យក្នុងការប្រយុទ្ធយកឈ្នះមេរោគកូវីដ-១៩ ហើយគិតមកដល់ពេលនេះ មានរយៈពេល១៨ថ្ងៃហើយ ដែលប្រជាជនកម្ពុជា គ្មានអ្នកឆ្លងកូវីដ-១៩ទេ និងបានសង្រ្គោះអាយុជីវិតរាប់សែននាក់ ព្រមទាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនគិតថ្លៃផងដែរ។
ជាចុងក្រោយឯកឧត្តម បណ្ឌិត ពេជ សោភ័ន សូមពាំនាំនូវការថ្លែងអំណរគុណពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនជនរួមជាតិ ជាពិសេសបងប្អូនក្នុងឃុំបានកាម ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជារហូតមកដល់ពេលនេះ។ ឯកឧត្តម សង្ឃឹមថានៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអញ្ជើញបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕ អត្ថបទ ៖ រដ្ឋា











