ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចាប់ផ្តើមរៀបចំការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់កម្មកររោងចក្រកាត់ដេរ នៅកម្ពុជា។
នៅក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី ២៣ ខែមីនា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើ GMAC ជួយសម្របសម្រួលជាមួយម្ចាស់ ឬ នាយកគ្រប់គ្រង រៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រចំនួន១រូប ក្នុង១រោងចក្រ ដើម្បីចូលរួមយុទ្ធនា ការចាក់វ៉ាក់សាំងកូវីដ១៩។
ក្រសួងការងារ បញ្ជាក់ថា ដើម្បីការពារសុខភាពជូនបងប្អូនកម្មករនិយោជិត ក៏ដូចជាផលប្រយោជន៍រោងចក្រពីការឆ្លងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករនិយោជិតរោងចក្រ សហគ្រាស នាពេលឆាប់ៗដ៏ខ្លីខាងមុខ។
ថ្លែងនៅព្រឹកថ្ងៃទី២៤ មីនា ឆ្នាំ២០២១នេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីសេចក្តីជូនដំណឹងស្នើឱ្យម្ចាស់ ឬនាយករោងចក្រដែលជាសមាជិករៀបចំបញ្ជីឈ្មោះគ្រូពេទ្យ ដើម្បីចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កម្មករ កម្មការិនី និយោជិត មកដល់ពេលនេះឃើញថា មានការបញ្ជូនឈ្មោះមកជាបណ្តើរៗហើយ។ លោក បានបញ្ជាក់ថា សម្រាប់ការងារនេះ គេបង្កើតជាក្រុមការងារចាស់ មិនមែនរោងចក្រមួយយកគ្រូពេទ្យម្នាក់មកចាក់ទេ គេបង្កើតជាក្រុម មួយក្រុមមានប្រមាណ ១០០នាក់ ចុះទៅតាមរោងចក្រ ឬ តំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្មណាមួយ គេនឹងពិភាក្សាគិតគូរអំពីទីតាំងទៀត នៅពេលនេះ យើងអត់ទាន់ដឹងច្បាស់។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាល សហការជាមួយក្រសួងសុខាភិបាល នឹងបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់គ្រូពេទ្យ (គិលានុបដ្ឋាយិកា) តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃអង្គារ៍ ទី៣០ ខែមីនាខាងមុខ។
ទាក់ទិន និងវ៉ាក់សាំងកូវីដ១៩នេះ ឯកឧត្តម ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានសម្តែងការអរគុណដល់ប្រមុខរដ្ឋាភិបាល ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជានិច្ចទៅដល់កម្មករនិយោជិត ពិសេសការផ្តល់វ៉ាក់សាំងនេះ ដែលអាចបញ្ចៀសបាននូវហានិភ័យរបស់បងប្អូនកម្មករ។
លោក កាំង ម៉ូនីកា ការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រសួងការងារ គឺសម្រាប់កម្មករនិយោជិត មិនត្រឹមតែរោងចក្រកាត់ដេរសំលៀកបំពាក់ ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កម្មករនិយោជិត ក្នុងរោងចក្រដេរស្បែកជើង ផលិតផលធ្វើដំណើរ រោងចក្រផលិតកង់ រោងចក្រផលិតគ្រឿងដង្គុំ អេឡិចត្រូនិក ជាដើម។ គិតមកដល់បច្ចុប្បន្ននេះ សមាជិក នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា រួមមាន ៖ វិស័យរោងចក្រកាត់ដេរ, រោងចក្រផលិត ផលិតផលធ្វើដំណើរ និងរោងចក្រផលិតស្បែកជើង សរុបចំនួនប្រមាណជាង ៦៦០សមាជិក ដែលស្មើនឹងកម្មករនិយោជិតសរុបចំនួនប្រមាណជាង ៧៥ម៉ឺននាក់៕
អត្ថបទ ៖ ឈិត បូរ៉ាវី