រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា ទីក្រុង Moscow ត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសំខាន់ ដើម្បីបញ្ចៀសវិបត្តិស្បៀងអាហារដែលចេះតែកើនឡើង ប្រសិនបើលោកខាងលិចដកទណ្ឌកម្មដែលដាក់លើប្រទេសរុស្ស៊ី ព្រោះតែការវាយលុកចូលក្នុងប្រទេសអ៊ុយក្រែន។

យោងតាមការអានការសន្ទនារបស់វិមានក្រឹមឡាំង អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បាននិយាយថា ទីក្រុង Moscow នឹងព្យាយាមជម្នះវិបត្តិស្បៀងអាហារតាមរយៈការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្ម ឲ្យតែការរឹតត្បិតក្នុងហេតុផលនយោបាយដែលលោកខាងលិច បានដាក់មកលើរុស្ស៊ីត្រូវបានដកចេញ។ វិមានក្រឹមឡាំងបានបន្ថែមថា លោក Putin ក៏បាននិយាយផងដែរអំពីវិធានការនានា ដែលត្រូវបានធ្វើឡើងដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ រួមទាំងការបើកច្រករបៀងមនុស្សធម៌ប្រចាំថ្ងៃសម្រាប់ឲ្យនាវាស៊ីវិលចាកចេញពីកំពង់ផែ Azov និងសមុទ្រខ្មៅដែលត្រូវបានបិទដោយភាគីអ៊ុយក្រែន។ អ៊ុយក្រែនគឺជាប្រទេសដ៏ធំបំផុតមួយ ក្នុងចំណោមប្រទេសជាច្រើនលើពិភពលោកដែលនាំចេញស្រូវសាលី ពោត គ្រាប់ផ្កាឈូករ័ត្ន និងប្រេងឆា ប៉ុន្តែសង្គ្រាម និងការបិទច្រកកំពង់ផែរបស់រុស្ស៊ី បានបង្អាក់ដល់លំហូរនាំចេញទាំងនេះភាគច្រើន ដែលបង្កការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។ ភាគច្រើននៃកំពង់ផែទាំងនេះបច្ចុប្បន្នសំបូរទៅដោយគ្រាប់មីនផងដែរ។
រុស្ស៊ីក៏ជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំផងដែរ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitri Peskov បាននិយាយថា លោកខាងលិចត្រូវតែលុបចោលការសម្រេចចិត្តខុសច្បាប់ ដែលរារាំងដល់នាវាផ្គត់ផ្គង់ និងការនាំចេញគ្រាប់ធញ្ញជាតិ។ ការអត្ថាធិប្បាយរបស់លោកទំនងជាកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទបាំងសកម្មភាពរារាំងការនាំចេញរបស់អ៊ុយក្រែន ស្របទៅនឹងអ្វីដែលរុស្ស៊ីបាននិយាយថា វាជាការលំបាករបស់ខ្លួនក្នុងការផ្លាស់ប្តូរទំនិញរបស់ខ្លួន៕
អត្ថបទ៖ សុខមាន