ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងបាយ នៅក្នុងរោងចក្រផលិតខ្សែភ្លើងមួយកន្លែង ដែលមានឈ្មោះថា ឃ្យុងស៊ីង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG បានបណ្តាលឲ្យកម្មករម្នាក់បំរើការនៅក្នុងរោងចក្រនេះ រងរបួសស្រាល និងខូចខាតសម្ភារៈមួយចំនួនតួចផងដែរ។
យោងតាមរបាយការណ៍របស់ លោក ប៊ុន ផេងអភិបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ហេតុការណ៍ ឆេះរោងបាយនៅក្នុងរោងចក្រនេះ គឺនៅព្រឹកថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស (7NG) ភូមិវិហារសួគ៌ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ រោងចក្រនេះ បណ្ដោយ១២០ម៉ែត្រ ទទឹង៨០ម៉ែត្រ ភ្លើងបានឆេះរោងបាយកម្មករ មានទំហំ បណ្ដោយ៨០ម៉ែត្រ និងទទឹង១៥ម៉ែត្រ ។ យ៉ាងណាក៏ដោយការឆេះត្រូវបានអាជ្ញាធរជួយអន្តរាគមន៍ទាន់ពេលវេលា។
ប្រភព បានបន្តទៀតថា ករណីនេះ បណ្ដាលឲ្យកម្មករ ម្នាក់ ឈ្មោះ ភឹម រដ្ឋា ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល រងរបួសស្រាល និងខូចខាតសម្ភារៈ មាន ម៉ាស៊ីនភ្លើងធំចំនួន០១គ្រឿង ម៉ាស៊ីនស្កេនក្រយ៉ៅដៃ១៥គ្រឿង តុបាយ កៅអី កង្ហារ មួយចំនួនផងដែរ។
សូមបញ្ជាក់ថា ម្ចាស់រោងចក្រដែលបានឆេះនេះ គឺឈ្មោះ ចាង សាងហូ ភេទ ប្រុស អាយុ ៤៦ឆ្នាំ (ជាជនជាតិកូរ៉េខាងត្បូង) ហើយរោងចក្រនេះ មានកម្មកររោងចក្រមានចំនួន១៦៧៥នាក់ ស្រី១៣១៨នាក់ ដែលកំពុងធ្វើការ។ ការសន្និដ្ឋានរបស់អាជ្ញាធរ បានបញ្ជាក់ថា ការឆេះនេះ គឺដោយសារទុសេខ្សែភ្លើង នៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូតដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ។ ក្រោយពីមានការឆេះភ្លាមៗនោះ មន្ត្រីជំនាញសណ្ដាប់ធ្នាប់ស្រុកខ្សាច់កណ្ដាល បានប្រើរថយន្តពន្លត់អគ្គិភ័យ ស្រុកខ្សាច់កណ្ដាល០១គ្រឿង និងរថយន្តទឹក (7NG) ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៥គីប ទើបរលត់ទាំងស្រុង៕
អត្ថបទ ៖ បាន ចក់





