វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ២ ពិភពលោក Daniil Medvedev បានបន្តដំណើរឈានឡើងជុំទី ៣ ហើយនៃព្រឹត្តិការណ៍ Grand Slam, French Open ក្រោយជ័យជំនះលើកីឡាករស៊ែប Laslo Djere។ កីឡាករវ័យ ២៦ ឆ្នាំរុស្ស៊ីរូបនេះបានយកឈ្នះមិនតានតឹងឡើងក្នុងលទ្ធផល ៣ សិតផ្ទួនៗ ៦-៣, ៦-៤ និង ៦-៣។

ជុំបន្តអតីតជើងឯក US Open ឆ្នាំមុន និងជាជើងឯករង Australian Open ឆ្នាំនេះ Daniil Medvedev នឹងបន្តជួបជាមួយកីឡាករស៊ែបមួយរូបទៀតគឺ Miomir Kecmanovic។ សូមបញ្ជាក់ថា Daniil Medvedev ចូលរួមការប្រកួតមិនស្ថិតក្រោមទង់ជាតិរុស្ស៊ីឡើយ ហើយ Medvedev ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដទៃមកពីប្រទេសរុស្ស៊ី និងបេឡារុសដែលត្រូវបានហាមឃាត់មិនឱ្យប្រកួតនៅ Grand Slam បន្ទាប់លើទឹកដីអង់គ្លេស Wimbledon នៅខែក្រោយដោយសារបញ្ហាសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន។
ងាកមកកីឡាករក្រិក Stefanos Tsitsipas ក៏បានបន្តដំណើរឡើងជុំទី ៣ ដែរ តែត្រូវធ្វើការងារធ្ងន់ទំរាំតែអាចយកឈ្នះកីឡាករឆេក Zdenek Kolar បានក្នុងលទ្ធផល ៣សិតទល់នឹង ១ ពិន្ទុ ៦-៣, ៧-៦(៦-៨), ៦-៧(៣-៦) និង ៧-៦(៧-៥)។ មុនឡើងមកដល់វគ្គនេះ Stefanos Tsisipas ក៏បានយកឈ្នះកីឡាករអ៊ីតាលី Lorenzo Musetti ទាំងប្រឹងផងដែរដល់ទៅប្រាំសិត។ ជុំបន្តជើងឯករង French Open ឆ្នាំមុនរូបនេះនឹងបន្តជួបជាមួយកីឡាករលំដាប់លេខ ៩៥ ពិភពលោកសញ្ជាតិស៊ុយអែត Mikael Ymer៕
អត្ថបទ៖នាង សុភាវុធ