ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងសារក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ីក្រោមមូលបទ«ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងបរិការណ៍ ដែលពិភពលោកបាន និង កំពុងទទួលរងនូវសម្ពាធពីបញ្ហាអស្ថិរភាព, ភាពមិនប្រាកដ-ប្រជា និង ជាពិសេសការបែកខ្ញែក, អាស៊ីមានសក្តានុពលខ្ពស់ និង អាចដើរតួនាទីជាតួអង្គស្នូល ក្នុងការ-សម្របសម្រួល, តភ្ជាប់ និង ផ្តួចផ្តើមដោះស្រាយបញ្ហាប្រឈមផ្សេងៗ ។ ក្នុងទិដ្ឋភាពសង្គម និង នយោបាយ, អាស៊ីធ្លាប់បានឆ្លងកាត់បញ្ហាប្រឈមជាច្រើនរហូតដល់ចុងសតវត្សរ៍ទី ២០ ។ នៅក្នុងសតវត្សរ៍ទី ២១ នេះ, ទោះបីជាបញ្ហាសង្គម និង នយោបាយនៅបន្តកើតមាន នៅក្នុងប្រទេសមួយចំនួន, អាស៊ីជារួម បានក្លាយជាទ្វីបមួយ ដែលមានសន្តិសុខ, សន្តិភាព និង ស្ថិរភាព ហើយក៏កំពុងស្ថិតនៅក្នុងដំណើរយ៉ាងលឿនឆ្ពោះទៅរកវិបុលភាពរួម ។ អ្វីដែលគួរឱ្យស្ញប់ស្ញែងបំផុតនោះ គឺសមិទ្ធផលទាំងនេះសម្រេចបាននៅក្នុងទ្វីបមួយ ដែលមានភាពខុសគ្នា និង ភាពចម្រុះនៃពូជសាសន៍, វប្បធម៌, សាសនា, និន្នាការនយោបាយ និង ប្រព័ន្ធសេដ្ឋកិច្ច។



