អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍បានរិះគន់ការខ្វែងគំនិតគ្នានៅក្នុងសហភាពអឺរ៉ុប ជុំវិញការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើរុស្ស៊ី និងបានសួរថា ហេតុអ្វីបានជាបណ្ដោយឲ្យប្រទេសជាសមាជិកមួយចំនួនរារាំងគម្រោងនេះ។
សហភាពអឺរ៉ុបកំពុងពិភាក្សាវិធានការដាក់ទណ្ឌកម្មជុំទី៦ រួមទាំងបម្រាមនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី។ ជាចំណាត់ការដែលតម្រូវឲ្យមានការឯកភាពរួម ប៉ុន្តែប្រទេសហុងគ្រីជំទាស់ដោយសារវាមានវិសាលភាពប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខ្លួនខ្លាំងពេក។ លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាពេលយប់ជ្រៅដោយសួរថា តើសហភាពអឺរ៉ុបនឹងត្រូវប្រើពេលវេលាប៉ុន្មានសប្ដាហ៍ទៀត ទើបឈានដល់ការព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី៦ នេះដោយលើកឡើងថា រុស្ស៊ីកំពុងទទួលបានប្រាក់រាប់ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ ពីការផ្គត់ផ្គង់ថាមពលដល់ប្លុកដែលមានសមាជិក ២៧ប្រទេសនេះ។
លោកថា ពិតណាស់ខ្ញុំដឹងគុណចំពោះមិត្តភ័ក្តិដែលតស៊ូមតិលើការដាក់ទណ្ឌកម្មថ្មី។ ប៉ុន្តែលោកបានសួរ តើមនុស្សដែលរារាំងកញ្ចប់ទណ្ឌកម្មទី៦ នេះទទួលបានអំណាចពីណា? ហេតុអ្វីបានជាពួកគេត្រូវបានអនុញ្ញាតឱ្យកាន់អំណាចបែបនេះ?៕
អត្ថបទ៖ សុខមាន