ភ្នំពេញ ៖ ប្រជាពលរដ្ឋអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ក្នុងខណ្ឌច្បារអំពៅ ជាច្រើនបានបន្តមកទទួលការចាក់វ៉ាក់សាំង Astra Zeneca ស្របពេលដែលជំងឺនេះ បន្តរីករាលដាលគួរឱ្យព្រួយបារម្ភ និងមានការស្លាប់ ៥ករណីមកនេះ។ សម្រាប់ការមក ទទួលការចាក់វ៉ាក់សាំងនេះ ពួកគាត់ចាត់ទុកថាវាជាកាតព្វកិច្ចដែលត្រូវបំពេញដើម្បីការពារខ្លួនឯង ការពារគ្រួសារ និងរួមចំណែកការពារសង្គមជាតិ។
សម្រាប់ពេលបច្ចុប្បន្នភាពនេះ រាជធានីភ្នំពេញគឺកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជូនប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ ការងារនេះ ធ្វើឡើងទន្ទឹមនឹង ការចាក់វ៉ាក់សាំង Sinopharm ជូនក្រុមគោលដៅសម្រាប់លើកទី២ កំពុងបន្តផងដែរ។ សម្រាប់ការចាក់វ៉ាក់សាំងនេះ មាននៅតាមខណ្ឌនីមួយៗ ដោយខណ្ឌច្បារអំពៅ មានការចាក់វ៉ាក់សាំងនៅទីតាំងចំនួនពីរ គឺមន្ទីរពេទ្យបង្អែកច្បារអំពៅ និងមណ្ឌលសុខភាពព្រែកឯង។ ជាទិដ្ឋភាពរួមនៅនៅទីតាំងទាំងពីរនេះ គឺមានវត្តមានក្រុមគោលដៅ និងប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំ ឡើងទៅជាច្រើននាក់មកទទួលការចាក់វ៉ាក់សាំង។
ការមកទទួលចាក់វ៉ាក់សាំងនាពេលនេះ ពួកគាត់ជាមនុស្សចាស់ លើកឡើងថា ការចាក់វ៉ាក់សាំងកូវីដនេះឈរលើគោលការណ៍ស្ម័គ្រចិត្ត និងចាត់ទុកថា វាជាកាតព្វកិច្ចសម្រាប់ពួកគាត់ត្រូវបំពេញ សម្រាប់ការពារខ្លួនឯង ការពារគ្រួសារ អ្នកដទៃ និងសង្គមជាតិទាំងមូល។ ពួកគាត់ថា ក្នុងកាលៈទេសៈនេះ គឺត្រូវធ្វើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកឈ្នះជំងឺនេះ ទាំងអស់គ្នា។
សម្រាប់ខណ្ឌច្បារអំពៅ តាមទិន្នន័យពីខាងរដ្ឋបាលខណ្ឌ បង្ហាញថា មានប្រជាពលរដ្ឋវ័យចំណាស់អាយុចាប់ពី៦០ឆ្នាំឡើង សរុបទាំង៨ សង្កាត់ គឺ ១០៩៧១ នាក់ និងមានការចាក់រួចរាល់ចំនួន ៩១៩ នាក់៕
អត្ថបទ ៖ គឹមហុក