អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា មនុស្ស ៩នាក់បានស្លាប់ និង ១៩នាក់រងរបួសនៅក្នុងការបាញ់ផ្លោងនៅទីក្រុង Kharkiv កាលពីថ្ងៃព្រហស្បតិ៍។ ថ្លែងក្នុងសុន្ទរកថាប្រចាំថ្ងៃលោក Zelenskyy និយាយថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងធំទី២ ក្នុងប្រទេសអ៊ុយក្រែនបានសម្លាប់ទារកអាយុប្រាំខែម្នាក់រួមទាំងឪពុក ដែលស្ថិតក្នុងចំណោមអ្នកស្លាប់ផ្សេងទៀត និងបានធ្វើឱ្យក្មេងស្រីអាយុ ៩ឆ្នាំម្នាក់រងរបួស។

លោក Zelenskyy និយាយថា ការវាយប្រហារដោយមីស៊ីលក៏បានវាយប្រហារតំបន់ Donbas, Sumy និង Zaporizhzhia ហើយកងកម្លាំងរុស្ស៊ីកំពុងព្យាយាមពង្រឹងទីតាំងរបស់ពួកគេនៅភាគខាងត្បូងប្រទេស។ ការវាយលុកនាពេលបច្ចុប្បន្នរបស់អ្នកដណ្ដើមកាន់កាប់នៅតំបន់ Donbas អាចធ្វើឱ្យតំបន់នេះគ្មានមនុស្សរស់នៅ។ មេដឹកនាំអ៊ុយក្រែនបានរិះគន់សមាជិកសហភាពអឺរ៉ុបដែលកំពុងនៅជាប់គាំង ចំពោះការដាក់ទណ្ឌកម្មបន្ថែមកាន់តែតឹងរ៉ឹងលើរុស្ស៊ី រួមទាំងបម្រាមការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដែលជាប្រភពចំណូលសំខាន់សម្រាប់ទីក្រុងមូស្គូ។ លោកបាននិយាយថា ការដាក់សម្ពាធលើប្រទេសរុស្ស៊ីគឺជាបញ្ហាសង្គ្រោះជីវិត៕
អត្ថបទ៖ ប៊ុនថន