កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ អាជ្ញាធរមូលដ្ឋាន នៅស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានបង្កើនផ្សព្វផ្សាយ និងបង្កើនសកម្មភាពចុះអញ្ជើញពលរដ្ឋ ដែលបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវនាំគ្នាទៅធ្វើបណ្ណឯកសារបញ្ជាក់អត្តសញ្ញាណបំរើអោយការបោះឆ្នោត ឬហៅបណ្ណ ឯ.អ ដើម្បីទទួលបានសិទ្ធក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ។
មេឃុំត្នោតជុំ នៅក្នុងស្រុកបារាយណ៍ និងមេឃុំនៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ បានថ្លែងប្រាប់BTV ថា នៅក្នុងអំឡុងពេលនេះ គឺមានពលរដ្ឋដែលបានបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ប្រមាណពី៥០%ទៅ៧០% គឺបានទៅធ្វើបណ្ណ ឯ.អ ដើម្បីទទួលបានសិទ្ធបោះឆ្នោតនោះហើយ ហើយសម្រាប់ពលរដ្ឋដែលមិនទាន់បានទៅធ្វើប័ណ្ណឯ.អ នៅពេលនេះ អាជ្ញាធរកំពុងបានជម្រុញអោយមេភូមិ និងអនុភូមិ ចុះតាមខ្នងផ្ទះជម្រាបគាត់អោយទៅធ្វើបណ្ណ ឯ. អ នោះទាំងអស់គ្នា។
បណ្តាមេឃុំ បញ្ជាក់ថា សម្រាប់ពលរដ្ឋដែលមានការយឺតយ៉ាវ ក្នុងការអញ្ជើញទៅធ្វើប័ណ្ណ ឯ .អ នេះ គឺដោយសារពលរដ្ឋខ្លះជាប់រវល់ធ្វើការងារចំណាកស្រុក ទៅធ្វើស្រែចំការ នៅឆ្ងាយពីផ្ទះ។
តាមការអោយដឹងពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ. ប ៖ជាទូទៅគ្រប់ពលរដ្ឋដែលមានឈ្មោះ នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត គឺអាចចូលរួមបោះឆ្នោតបានលុះត្រាពលរដ្ឋនោះ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនហួសសុពលភាពការប្រើប្រាស់ ប៉ុន្តែបើពលរដ្ឋគ្មានអត្តសញ្ញាប័ណ្ណនេះ គឺត្រូវទៅធ្វើឯកសារប័ណ្ណ ឯ.អ ហើយ ប័ណ្ណ ឯ.អដែលអាចប្រើប្រាស់បោះឆ្នោតបាន លុះត្រាប័ណ្ណនោះមានការបោះត្រាពីមេឃុំសង្កាត់ និងបោះត្រាពីគណៈកម្មការរៀបចំបោះឆ្នោតឃុំសង្កាត់ ហើយការធ្វើប័ណ្ណ ឯ.អ គឺបាននិងកំពុងធ្វើចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម ថោង ខុន ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក បានថ្លែងថា ក្រៅពីការពន្លឿនធ្វើប៍ណ្ណ ឯ.អ ជូនពលរដ្ឋដែលបាត់ ឬ ខូច ឬហួសសុពលភាព អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ. , ឯកឧត្តម ក៏បានស្នើអោយអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួលរៀបចំមធ្យោបាយជូនពលរដ្ឋដែលជាជនពិការគ្រប់ប្រភេទ ដើម្បីអោយគាត់ទទួលបានសិទ្ធបោះឆ្នោះ ជ្រើសរើសក្រុមប្រឹក្សាឃុំនៅក្នុងគាត់ដើម្បីជម្រុញការអភិវឌ្ឍន៍មូលដ្ឋានបន្តការរីកចំរើន៕អត្ថបទ ស៊ុម សុខជា