ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅខណ្ឌជ្រោយចង្វារ ដែលមានវ័យចាប់ពី៦០ឡើង នាថ្ងៃទី២៤ ខែមីនានេះ បានបន្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ស្ថិតនៅមណ្ឌលសុខភាពជ្រោយចង្វារ។
មានប្រសាសន៍ប្រាប់BTV ក្នុងយុទ្ធនាការ១៥ថ្ងៃចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ជូនពលរដ្ឋក្នុងរាជធានី ភ្នំពេញ ដែលមានវ័យចាប់ពី៦០ ឡើងទៅ នាថ្ងៃទី២៤ ខែមីនានេះ លោក កេត រតនានាយករងរដ្ឋបាលខណ្ឌជ្រោយចង្វារ បានលើកឡើងថា ពលរដ្ឋរស់នៅខណ្ឌជ្រោយចង្វារដែលអាយុចាប់ពី៦០ឆ្នាំឡើង គឺមានជាង៦ពាន់នាក់ ក្នុងនោះ ជាង១ពាន់នាក់ បានចាក់រួចរាល់ និងបន្តចាក់ជូនពលរដ្ឋជាង៤ពាន់បន្ថែមទៀត។
លោក បានថា មុនពលរដ្ឋមកចាក់វ៉ាក់សាំង អាជ្ញាធរមូលដ្ឋានទាំង៥សង្កាត់ បានស្រង់ឈ្មោះប្រជាពលរដ្ឋវ័យចាស់ បញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រ រួចបញ្ជូនមកក្រុមគ្រូពេទ្យ ដើម្បីមានឈ្មោះអាចទៅចាក់វ៉ាក់សាំងបាន។លើសពីនេះ លោកសូមអគុណបានចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា តែងតែគិតគូរពីសុខទុក្ខប្រជាពលពលរដ្ឋគ្រប់កាលៈទេសៈ។
ជាការកត់សំគាល់ យុទ្ធនាការ ១៥ថ្ងៃចាក់វ៉ាក់សាំងបង្ការជំងឺកូវី-19 ជូនពលរដ្ឋវ័យ៦០ឡើង ក្នុងរាជធានីភ្នំពេញ ចាប់ផ្តើមឡើងពីថ្ងៃ២៣ ខែមីនា រហូត ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។យុទ្ធនាការ នេះ ចាប់ផ្តើមឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើដល់លោកជំទាវឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាគ្នាអំពីការបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Covishield របស់ក្រុមហ៊ុន Astra Zeneca ដល់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។
ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្ទីរពេទ្យទាំងអស់ផ្អាកការចាក់វ៉ាក់សាំងនេះដល់អ្នកដែលមានអាយុក្រោម៦០ឆ្នាំជាបណ្ដោះអាសន្នសិន ដើម្បីទុកលទ្ធភាពក្នុងការចាក់វ៉ាក់សាំងដល់មនុស្សចាស់ ចាប់ពីអាយុចាប់ពី៦០ឆ្នាំឡើង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកទាំងនោះទទួលវ៉ាក់សាំងដូសទី១ហើយ ត្រូវបន្តអនុញ្ញាតឱ្យគាត់ទទួលបានដូសទី២ បន្តទៀត ដោយសារវ៉ាក់សាំងមិនអាចចាក់តែ១លើកទេ៕
អត្ថបទ ៖ ទូច សោភ័ណ