ភ្នំពេញ៖ ក្រសួងទេសចរណ៍ រំពឹងថា នៅពេលខាងមុខដ៏ខ្លីនេះ វត្តមានទេសចរអន្តរជាតិ នៅកម្ពុជានឹងបន្តមានកំណើនបន្ថែមទៀត នៅពេលរបាំងសុខាភិបាល បានសម្រួលដល់ការធ្វើដំណើរផ្ទៃក្នុងអាស៊ាន កាន់តែល្អប្រសើរ ។
ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងក្នុងពិធីផ្សព្វផ្សាយពីនីតិវិធី និងលក្ខខណ្ឌកម្ចីក្នុងគម្រោងសហហិរញ្ញប្បទាន សម្រាប់ការស្តារ និងជម្រុញកំណើនក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះថា ជុំវិញវិស័យទេសចរណ៍ ក្រោយពីរាជរដ្ឋាភិបាលប្រកាសបើក សេដ្ឋកិច្ចទូទាំងប្រទេសឡើងវិញ កាលពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ និងប្រកាសបើកទទួលទេសចរអន្តរជាតិ ចាក់វ៉ាក់សាំងពេញលេញចូលមកទស្សនាកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចតាឡីស័ក ក្នុងនោះវិស័យទេសចរណ៍កម្ពុជា ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ដោយចំនួនទេសចរអន្តរជាតិ មានកំណើនជាមធ្យមប្រមាណជាង ១ ម៉ឺននាក់ ក្នុងមួយខែ គឺចាប់គិតពីខែ វិច្ឆិកា ឆ្នាំ២០២១ ដល់ដើម ខែមីនា ឆ្នាំ២០២២។
ឯកឧត្តម បន្តថា ក្រៅពីការបើកប្រទេសខាងលើ, រាជរដ្ឋាភិបាលប្រកាសលុបចោលលក្ខខណ្ឌតម្រូវពេលមកដល់ និងការបើកដំណើរការឡើងវិញ ទិដ្ឋាការពេលមកដល់ (Visa on arrival), ការប្រកាសបើកច្រកព្រំដែនបាវិតរវាងកម្ពុជា-វៀតណាម, និងច្រកប៉ោយប៉ែតរវាងកម្ពុជា-ថៃ នាពេលថ្មីៗនេះផងដែរ។
លោកស្រី គង់ ណាភ័ក្រ នាយិកាគ្រប់គ្រងក្រុមហ៊ុន អានឡឹ ត្រាវែល ដែលជាក្រុមហ៊ុនកំពុងប្រតិបត្តិក្នុងវិស័យ ទេសចរណ៍ ថ្លែងថា លោកស្រីមើលឃើញពីការទំនាក់ទំនង និងការកក់សំបុត្ររបស់ភ្ញៀវទេសចរអន្តរជាតិ បានងើប ឡើងវិញជាបណ្តើរៗ, ហើយចំនួននេះនឹងកើនឡើងជាបន្តបន្ទាប់ទៀត ខណៈដែលកម្ពុជាបាន បង្ហាញនូវ ភាពវិជ្ជមានផ្ទៃក្នុង នៃការទប់ស្កាត់លើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល កម្ពុជាបានល្អប្រសើរ។
សូមបញ្ជាក់ថា យោងតាមស្ថិតិ ៤ ខែដើមឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍, កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ បានប្រមាណ ២៤ ម៉ឺននាក់ កើនឡើងជាង ១៩១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលភ្ញៀវទេសចរណ៍ ទាំងនោះភាគច្រើនមកពីអាស៊ានរួមមាន ថៃ វៀតណាម និងឥណ្ឌូនេស៊ី ទ្វីបអឺរ៉ុប បារាំងអង់គ្លេស, អាមេរិក និងចិន កូរ៉េ ជប៉ុន ជាដើម។
តាមការប៉ាន់ស្មាននៅក្នុងឆ្នាំ ២០២២ យើងអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៨០ ម៉ឺន ដល់ ១លាននាក់ ជាមួយនឹងទេសចរផ្ទៃក្នុងនៅទូទាំងប្រទេសប្រមាណ ៩លាននាក់៕អត្ថបទ៖ សុន រ៉ាឌី

