ភ្នំពេញ៖ លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនស្ត្រីប្រើអំពើហិង្សាវៃធ្វើបាបក្មេងដាក់ពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ស្ត្រីដែលបានប្រើអំពើហិង្សាវៃធ្វើក្មេងស្រីម្នាក់ រងរបួសធ្ងន់ធ្ងរ ដែលបានសុំម្ដាយរបស់ក្មេងយកមកនៅជាមួយ អស់រយះពេលជាង១ឆ្នាំ ត្រូវបាននគរបាលអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នុំពេញ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២។
សូមរំលឹកថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ចាន់ កត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួយដូរមនុស្សនិងការពារអនីតិជន និង លោក វរសេនីយ៍ឯក សុខ ហេងធីអិនការនគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនស្រ្តីសង្ស័យឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី វេលាម៉ោងប្រហែល ២៣:៣០នាទីយប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១:០០នាទី ស្រ្តីសង្ស័យមាន ឈ្មោះ ចាន់ ធីតា ហៅ ធីតា បានប្រើដៃវាយលើផ្ទៃមុខនិងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។
ក្មេងស្រីរងគ្រោះឈ្មោះ កេង ស្រីកា សមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់។បច្ចុប្បន្នស្ត្រីម្នាក់នេះត្រូវបានកម្លាងនគរបាលបញ្ជូនទៅកាន់ពន្ធនាគារព្រៃស ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន ៕អត្ថបទ៖ កុម្ភៈ



