ភ្នំពេញ៖ មនី្ទរពេទ្យព្រះអង្គឌួង បានសម្ពោធដាក់ដំណើរការផ្នែកព្យាបាលជំងឺភ្នែកសម្រាប់កុមារ និងទទួលសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ជាប្រភេទម៉ាស៊ីនវ៉ាស់ភ្នែក ពីអង្គការ Sight For All ជាជំនួយរបស់ប្រទេសអូស្ត្រាលី ដែលមានទំហំទឹកប្រាក់ខ្ទង់១២ម៉ឺនដុល្លារអាមេរិក។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម សាស្រាចារ្យ លូ លីឃាង នាយកមន្ទីពេទ្យព្រះអង្គឌួង, ឯកឧត្តមសាស្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកស្រី Judy Hat swell នាយកប្រតិបត្តិនៃអង្កការ សាយ ហ្វ អល (Sight For All) រួមនិង បុគ្គលិក លោកគ្រូ អ្នកគ្រូពេទ្យផ្នែកព្យាបាលភ្នែកផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យ លូ លីឃាង មានប្រសាសន៍ថា ការសម្ពោធផ្នែកព្យាបាលជំងឺភ្នែកកុមារ នាថ្ងៃនេះ គឺតាមពិតទៅមនី្ទរពេទ្យព្រះអង្គឌួង មានផ្នែកចក្ខុរោគ ជាយូរមកហើយ។ មនី្ទរពេទ្យ ក៏ចាប់ផ្តើមបើកសម្ពោធនូវបន្ទប់ព្យាបាលជំងឺភ្នែកកុមារ។ ឧបករណ៍ដែលទទួលបាន គឺមិនមែន ព្យាបាលជំងឺភ្នែកកុមារតែប៉ុណ្ណោះទេ គឺទី១.ម៉ាស៊ីន មួយឈុត សម្រាប់ជួយព្យាបាលជំងឺភ្នែកកុមារ និងទី២.ម៉ាស៊ីនឡេហ្ស៊ឺ សម្រាប់ព្យាបាលជំងឺទឹកដកក្នុងភ្នែក។
ក្នុងនាមលោកគ្រូ អ្នកគ្រូពេទ្យ នៃមនី្ទរពេទ្យព្រះអង្គឌួង ឯកឧត្តម សាស្រ្តាចារ្យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ សាយ ហ្វ អល បានប្រគល់សម្ភារៈបរិក្ខារវេជ្ជសាស្រ្តពិតជាសំខាន់ណាស់ សម្រាប់រួមចំណែកលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋ ដែលប្រើសម្ភារៈបរិក្ខារពេទ្យទំនើបៗទាន់សម័យ សម្រាប់ព្យាបាលជំងឺភ្នែក ជូនអ្នកជំងឺ៕ អត្ថបទ៖ រដ្ឋា




