បាល់ទាត់៖ ខ្សែបម្រើក្លិបនគរបាលជាតិ ស៊ុន វណ្ណដេត នឹងមិនអាចរួមចំណែកជួយក្រុមក្នុងការប្រកួតសេសសល់ទៀតបានទេ ដោយសារត្រូវសម្រាកដល់ទៅ ៦ខែក្រោយទទួលការវះកាត់របួសជង្គង់ ដែលបញ្ហានេះបានកើតឡើងអំឡុងការប្រកួត ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ថ្នាក់ជាតិ តទល់គិរីវង់សុខសែនជ័យ។
លោក សារ៉េត ស៊ីដន នាយកផ្នែករដ្ឋបាលក្លិបនគរបាលជាតិប្រាប់ថា កីឡាករមានប្រភពពីខេត្តកោះកុង និងធ្លាប់ជាប់ជម្រើសជាតិខាងលើ បានទទួលការវះកាត់ប្រកបដោយជោគជ័យកាលពីព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា នាមន្ទីរពេទ្យព្រះកេតុមាលា ក្រោមការយកចិត្តទុកដាក់ និងឧបត្ថម្ភផ្ទាល់ពីថ្នាក់ដឹកនាំក្លិប។ លោក សារ៉េត ស៊ីដន លម្អិតបែបនេះ “៖គាត់វះកាត់ជង្គង់ដែលដាច់សរសៃកាលពីព្រឹកមិញហើយៗ។ របួសហ្នឹងកើតឡើងពេលលេងជាមួយគិរីវង់ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន។ របួសនៅជង្គង់ឆ្វេង ហើយត្រូវសម្រាក ៦ខែបានអាចចូលរួមជាមួយក្រុមវិញបាន។ ”ស៊ុន វណ្ណដេត បង្ហាញខ្លួនញឹកញាប់សម្រាប់នគរបាលជាតិ ក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League 2020 ជុំទី១ ដែលក្រុមរបស់គេបញ្ចប់នៅចំណាត់ថ្នាក់លេខ១១។ ចំណែកក្នុងក្រុមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិវិញ ពួកគេបានប្រកួតចាញ់គិរីវង់សុខសែនជ័យនៅវគ្គ ១៦ក្រុមចុងក្រោយ៕
អត្ថបទ៖ CNCC
