ភ្នំពេញ ៖ គិតត្រឹមរយៈពេលជាង ២ ខែ ដើមឆ្នាំ ២០២១ នេះ គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ បានផ្តល់ឥណទានថ្មីជូនអតិថិជន ប្រមាណជាង ២២៧ លានដុល្លារអាមេរិក ខណៈប្រាក់បញ្ញើបានហក់ឡើងជិត ២ដង នៃទំហំឥណទានដែលបានផ្តល់ឲ្យអតិថិជន ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការប៉ះពាល់ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ និងការផ្តល់ឥណទានជូនអតិថិជន នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២១ នេះថា ពាក់ព័ន្ធ និងឥណទាន របស់គ្រឹះស្ថានធនាគារ ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា នៅក្នុងមួយខែៗ ដើមឆ្នាំ ២០២១ នេះ គ្រឹះស្ថានធនាគារ បានបញ្ចេញឥណទានជូនអតិថិជនក្នុងរង្វង់ប្រមាណជា ៧៥ លានដុល្លារអាមេរិក ក្នុងនោះ បើគិតរយៈពេលជាង ២ខែ មកនេះ គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ បានផ្តល់ឥណទានថ្មីជូនអតិថិជន ប្រមាណជាង ២២៧ លានដុល្លារអាមេរិក ។
លោកបណ្ឌិត បន្តឲ្យដឹងទៀតថា ស្របពេលការផ្តល់ឥណទាននៅមានសុខភាពល្អ ប្រាក់បញ្ញើ សន្សំនៅគ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុក្នុងដំណាក់កាលនេះដែរ បានហក់ឡើងក្នុងរង្វង់ ៣៧៧ លានដុល្លារអាមេរិក ក្នុងនោះ បើគិតក្នុងរយៈពេលមួយខែៗ មាន អតិថិជនមកដាក់ប្រាក់បញ្ញើ ប្រមាណជា ១២៥ លានដុល្លារអាមេរិក ដែលចំនួននេះ បានហក់ឡើងជិត ២ដង នៃឥណទានអតិថិជន ។
ទាក់ទងនឹងប្រាក់បញ្ញើ, លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ពីមុនៗម្ចាស់សហគ្រាសច្រើនទុកថវិកាដើម្បីវិនិយោគ ឬទុកជាប់ ខ្លួនជាដើម, ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមានការរីកច្រើន ជាការជំរុញកាត់បន្ថយពេលវេលា និងសុវត្ថិភាពពួកគាត់នោះ បច្ចុប្បន្នអ្នកកំពុងប្រតិបត្តិក្នុងអាជីវកម្ម ភាគច្រើនគឺទូទាត់ចូលគណនីធនាគាររបស់ខ្លួន ។ ចំណែកមូលហេតុមួយទៀត វិនិយោគិនខ្លះ ដែលធ្វើអាជីវកម្មមិនដំណើរល្អ ឬ លក់មិនសូវដាច់ ពួកគាត់ច្រើនទូទាត់ចូលគណនីសន្សំ ដើម្បីរក្សាប្រាក់ទុកជាបណ្តោះអាសន្នជាដើម ពិសេសជាងនេះទៅទៀត អតិថិជនដែលកក់ ឬទិញផលិតផលពីរោងចក្រ សហគ្រាស ពួកគេច្រើនទូទាត់តាមកុងធនាគារ ដែលបញ្ហា ទាំងនេះ ធ្វើឲ្យប្រាក់បញ្ញើបានហក់ឡើង៕
អត្ថបទ៖ សុន រ៉ាឌី