សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និយាយថា លោកជឿជាក់ថា ការស្នើសុំរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតដើម្បីចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ NATO នឹងដំណើរការទៅមុខ ទោះបីជាមានការជំទាស់ពីប្រទេសទួរគីក៏ដោយ។

លោក Blinken និយាយថា ប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងធ្វើការដោយផ្ទាល់ជាមួយប្រទេសទួរគី ដើម្បីដោះស្រាយកង្វល់មួយចំនួនដែលទួរគីបានលើកឡើង។ មានការស្របមតិគ្នាច្រើននៅក្នុងអង្គការ NATO សម្រាប់ការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ហើយលោក Blinken នៅតែមានទំនុកចិត្តថា នឹងធ្វើការតាមរយៈដំណើរការនេះឱ្យបានឆាប់រហ័ស ហើយអ្វីៗនឹងដំណើរការទៅមុខជាមួយប្រទេសទាំងពីរ។
លោក Blinken បានលើកឡើងដូច្នេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោក Pekka Haavisto មកកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។ បញ្ហានេះបានកើតឡើង ខណៈដែលរដ្ឋមន្ត្រីការបរទេសទួរគីនិយាយថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ត្រូវតែមានវិធានការជាក់ស្តែង ដើម្បីកាត់បន្ថយកង្វល់សន្តិសុខរបស់ប្រទេសខ្លួន ដើម្បីយកឈ្នះលើការជំទាស់របស់ទីក្រុងអង់ការ៉ា ចំពោះបំណងក្លាយជាសមាជិកភាពរបស់អង្គការណាតូ៕
អត្ថបទ៖ ប៊ុនថន