បាល់ទាត់៖ ខ្សែការពារបារាំងរបស់ Real Madrid, Raphael Varane ស្ថិតក្នុងគោលដៅលក់ចេញដំបូងគេរបស់ក្លិប នេះបើតាមការលើកឡើងរបស់ប្រធានក្លិប Florentino Perez ដែលដកស្រង់ដោយកាសែតកីឡាមួយក្នុងប្រទេសអេស្ប៉ាញ។
សារព័ត៌មាន The Mirror ក៏បានរាយការណ៍ផងដែរថា ក្រុមអធិរាជស Real Madrid បើកចំហចំពោះលទ្ធភាពក្នុងការលក់ Raphael Varane ទៅឲ្យក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ចំពេលដែលកីឡាករបារាំងរូបនេះ មានការស្ទាក់ស្ទើរក្នុងការចុះកុងត្រាថ្មី។ កី ឡាករវ័យ ២៧ឆ្នាំរូបនេះបាននៅជាមួយ Los Blancos ចាប់តាំងពីឆ្នាំ២០១១ និងបានបង្ហាញខ្លួនចំនួន ៣៥១លើកសម្រាប់ក្លិបគ្រប់ក្របខណ្ឌ។ Raphael Varane នឹងដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួននៅខែមិថុនាឆ្នាំក្រោយ ហើយមិនមានការចង្អុលបង្ហាញណាមួយដែលថា គេសុខចិត្តបន្តការស្នាក់នៅជាមួយក្លឹបនោះទេ។
ដូច្នេះ Real Madrid ចង់ រឹមិនចង់នឹងអាចលក់ខ្សែការពារសញ្ជាតិបារាំងនេះ ចេញនៅរដូវក្តៅខាងមុខ ប្រសើរជាងការចាកចេញដោយមិនទទួលបានអ្វីសោះ។ ក្រុមបិសាចក្រហម Manchester United មានចំណាប់អារម្មណ៍លើខ្សែការពារកណ្ដាលរូបនេះ តាំងពីពេលដែល Varane នៅ Lens ជិត ១ទសវត្សរ៍មុន ហើយក្លិបនៅ Old Trafford មួយនេះក៏ព្យាយាមម្តងទៀតនៅឆ្នាំ២០១៩ ចែចូវកីឡាករវ័យ ២៧ឆ្នាំរូបនេះពី Real Madrid៕
អត្ថបទ៖នាង សុភាវុធ