សៀមរាប៖ ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ១៦៨នាក់ នៅថ្ងៃទី២៨ ខែឧសភានេះ ចុះស្វែងយល់អំពីប្រាសាទបន្ទាយស្រី និងប្រាសាទបន្ទាយសំរែ និងប្រាសាទភ្នំបាខែង ស្ថិតនៅតំបន់អង្គរ ខេត្តសៀមរាប ។
លោកបណ្ឌិត កុល សារូ នាយករងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ក្នុងនាមឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានឱ្យដឹងថា ប្រាសាទបន្ទាយស្រី សាងឡើងអំពីថ្មភក់ពណ៌ស៊ីជម្ពូ ដែលជាប្រភេទថ្មគុណភាពលេខ១ និងប្រកបដោយក្បូរក្បាច់រចនារស់រវើកសម្បូរបែប ខណៈអ្នកបុរាណវិទ្យាបានចាត់ទុកប្រាសាទនេះថា ជាគំរូនៃរចនាប័ទ្មបន្ទាយស្រី។
តាមផ្ទាំងសិលាចារឹក បានឱ្យដឹងថា ប្រាសាទដ៏ប្រណីតនេះសាងនៅគ្រិស្ដសករាជ ៩៦៧ ពោលគឺនៅចុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងដើមរាជ្យព្រះបាទជ័យវរ្ម័នទី៥ ដោយព្រាហ្មណ៍ម្នាក់ឈ្មោះ «យជ្ញវរាហៈ»។ ព្រាហ្មណ៍យជ្ញវរាហៈ ជាព្រះរាជគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៥ នៅក្នុងក្រុងបុរាណឈ្មោះ ឥស្វរបុរៈ (ក្រុងព្រះឥសូរ)។
ដោយឡែកប្រាសាទបន្ទាយសំរែ គឺជាប្រាសាទដ៏អស្ចារ្យមួយ ដែលស្ថិតនៅក្នុងតំបន់អង្គរនៃខេត្តសៀមរាប ប្រទេសកម្ពុជា។ វាជាប្រាសាទមួយដែលបានស្ដារឡើងវិញ ដោយបានយកលំនាំតាមរចនាប័ទ្ម របស់ប្រាសាទអង្គរវត្ត។
ស្ថាបត្យកម្មប្រាសាទ ប្រាសាទបន្ទាយសំរែ ត្រូវបានសាងសង់អំពីថ្មភក់ផ្សំជាមួយថ្មបាយក្រៀម ដែលយើងនិងឃើញជញ្ជាំងរបស់សាលវែងព័ន្ធជុំវិញដោយខ្ពស់សន្លឹម និងគ្រឹះខាងក្នុងរបស់ប្រាសាទត្រូវបានសាងសង់អំពីថ្មបាយក្រៀម ហើយដំបូលរបស់សាលវែងព័ន្ធជុំវិញតួប្រាសាទសាងសង់អំពីឈើនិងប្រក់ក្បឿង។
សម្រាប់ប្រាសាទភ្នំបាខែង ស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ មានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ឬអង្គរទី១ ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។
ប្រាសាទភ្នំបាខែង ជាកនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា មុនពេលដែលពួកគេត្រូវបញ្ចប់ ដំណើរទេសចរណ៍នៅលើទឹកដី ខេត្តសៀមរាប មុនពេល ដែលរាត្រីកាលមកដល់នោះ គឺប្រាសាទភ្នំបាខែង ទីនោះគឺជាទីប្រជុំនូវភ្ញៀវទេសចរ រាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូលផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ម្សិលមិនេះ ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះស្វែងយល់សិក្សាអំពីស្ពានកំពង់ក្ដី ,ប្រាសាទព្រះគោ និងប្រាសាទបាគង មានទីតាំងស្ថិតនៅខេត្តសៀមរាប ៕









