អឺរ៉ុប៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបមិនអាចឈានដល់កិច្ចព្រមព្រៀងលើការដាក់បម្រាមនាំចូលប្រេងពីប្រទេសរុស្ស៊ីទេ ប៉ុន្តែក្រុមអ្នកការទូតនឹងព្យាយាមជាថ្មីទៀតនៅមុនជំនួបកំពូលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ និងអង្គារសប្ដាហ៍នេះ លើការបញ្ឈប់ការបញ្ជូនប្រេងតាមបំពង់បង្ហូរប្រេងទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុបកណ្ដាល។
ទោះយ៉ាងណាក៏ដោយ អ្នកការទូតជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុបបាននិយាយថា នៅមានព័ត៌មានលម្អិតច្រើនទៀតក្នុងការដោះស្រាយ ដើម្បីបង្កើតក្ដីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងមួយ មុនពេលក្រុមមេដឹកនាំសហភាពអឺរ៉ុបជួបជុំគ្នាក្នុងទីក្រុង Brussels នៅរសៀលថ្ងៃចន្ទនេះ។ សំណើទណ្ឌកម្មលើការនាំចូលប្រេងនេះគឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មទី៦ របស់សហភាពអឺរ៉ុបដាក់លើប្រទេសរុស្ស៊ី ដោយសារតែការវាយលុករបស់ខ្លួនចូលប្រទេសអ៊ុយក្រែន។
កញ្ចប់ទណ្ឌកម្មនេះរួមមានការកាត់ផ្ដាច់ធនាគារ Sberbank ដ៏ធំបំផុតរបស់រុស្ស៊ីចេញពីប្រព័ន្ធទូទាត់ប្រាក់សកល SWIFT, ហាមក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីផ្សាយចេញពីសហភាពអឺរ៉ុប និងបន្ថែមមនុស្សទៅក្នុងតារាងឈ្មោះបុគ្គលដែលទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបង្កក និងមិនអាចជាន់ទឹកដីសហភាពអឺរ៉ុបបាន៕
អត្ថបទ៖ សុខមាន