បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបន្ដហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនាល្ងាចថ្ងៃទី០២ ខែមិថុនាសប្ដាហ៍នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ទន្ទឹមជាមួយការប្រមូលផ្ដុំនេះដែរ គិតត្រឹមល្ងាចថ្ងៃទី២៩ ខែឧសភាម្សិលមិញគេឃើញលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានធ្វើការផ្លាស់ប្ដូរ និងកោះហៅកីឡាករថ្មីមួយចំនួន ពិសេសគឺខ្សែប្រយុទ្ធ ប្រាក់ ធីវ៉ា នៃក្លិបភ្នំពេញក្រោនដែលត្រូវបានលោកកោះហៅក្រោយគេ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិនេះ។ បន្ទាប់ពីការកោះហៅ ១ថ្ងៃក្រោយ ធីវ៉ា ជួយភ្នំពេញក្រោនលើកពាន League Cup ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានចូលរួមជាមួយក្រុមជម្រើសជាតិហើយ តែពុំទាន់បានធ្វើការហ្វឹកហាត់នោះទេ។ ប៉ុន្ដែផ្អែកលើការខំប្រឹងរបស់គេ អ្នកគាំទ្រជឿជាក់ថា ធីវ៉ា នឹងចូលរួមហ្វឹកហាត់ជាមួយក្រុមគោព្រៃកម្ពុជានាពេលឆាប់ៗ ហើយអាចនឹងមានឱកាសបង្ហាញវត្តមានក្នុងជំនួបជាមួយទីម័រខាងកើតទៀតផង។

គួរដឹងថា មកទល់ពេលនេះសមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវបានកោះហៅ និងកំពុងប្រមូលផ្ដុំគឺមាន ២៨នាក់បន្ទាប់ពីកីឡាករ ធារី ចន្ថាប៊ីន ត្រូវបានកោះហៅមុន ប្រាក់ ធីវ៉ា ប៉ុន្មានថ្ងៃ ស្របពេលខ្សែប្រយុទ្ធ លឹម ពិសុទ្ធ ត្រូវបានអវត្តមានជាថ្មីដោយសារបញ្ហារបួសរើឡើងវិញ។ សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមគោព្រៃកម្ពុជានាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតវគ្គចែកពូលពានរង្វាន់ AFC Asian Cup 2023 នៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនាខាងមុខ ដោយកម្ពុជាស្ថិតក្នុងពូល D ជាមួយម្ចាស់ផ្ទះឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន៕
អត្ថបទ៖ លី ឈុនឡា