ប្រណាំងកង់៖ កីឡាករ Jai Hindley បានក្លាយជាកីឡាករប្រណាំងកង់អូស្ត្រាលីទី១ ដែលឈ្នះជើងឯកប្រណាំងកង់ Grand Tour, Giro d’ Italia បន្ទាប់ពីការប្រកួតដំណាក់កាលចុងក្រោយបញ្ចប់នៅថ្ងៃអាទិត្យម្សិលមិញ។

មុនចាប់ផ្តើមដំណាក់កាលចុងក្រោយនៅថ្ងៃអាទិត្យនោះ កាលពីថ្ងៃសៅរ៍ដែលជាដំណាក់កាលទី២០ កីឡាកររបស់ក្រុម Bora-Hansgrohe, Jai Hindley បានឡើងមកកាន់កាប់អាវកាក់ពណ៌ផ្កាឈូកទៅហើយដោយនាំមុខ ៨៥វិនាទីពីលើកីឡាករងេក្វាដ័រ Richard Carapaz។ ឈានមកដល់ដំណាក់កាលចុងក្រោយ ដែលជាការប្រណាំងយកថេរវេលាផ្ទាល់ខ្លួនមានចំងាយផ្លូវត្រឹម ១៧.៤គីឡូម៉ែត្រនៅទីក្រុង Verona នោះកីឡាករម្ចាស់ផ្ទះអ៊ីតាលី Matteo Sobrero គឺជាអ្នកឈ្នះដោយប្រើថេរវេលា ២២នាទី ២៤វិនាទី តែមិនបានប៉ះពាល់ដល់វេលានាំមុខរួមរបស់ Jai Hindley ឡើយ។
កីឡាករអូស្ត្រាលីរូបនេះបានបញ្ចប់ ២១ដំណាក់កាលជាមួយនឹងវេលាចំណេញ ១នាទី ១៨វិនាទីពីលើគូប្រជែង Richard Carapaz ខណៈលេខ៣ គឺកីឡាករអេស្ប៉ាញ Mikel Landa ទទួលបានចំណាត់ថ្នាក់លេខ៣។ ចំណែកឯអតីតជើងឯក Giro d’Italia នេះពីរសម័យកីឡាករម្ចាស់ផ្ទះអ៊ីតាលី Vincenzo Nibali បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ក្នុងការចូលរួមព្រឹត្តិការណ៍នេះជាចុងក្រោយនៃអាជីពក្នុងវ័យ ៣៧ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ