រុស្ស៊ី៖ យោងតាមរបាយការណ៍ឲ្យដឹងថា ក្រុមមន្ត្រីវិមានក្រឹមឡាំងសង្ឃឹមថា បណ្តាប្រទេសលោកខាងលិចនឹងនឿយហត់ក្នុងការគាំទ្រអ៊ុយក្រែន ដែលអនុញ្ញាតឲ្យរុស្ស៊ីឈ្នះសង្គ្រាមនៅដំណាច់ឆ្នាំនេះ។

ប្រភពមួយស្និទ្ធនឹងវិមានក្រឹមឡាំងបានប្រាប់សារព័ត៌មានឯករាជ្យរុស្ស៊ី Meduza ថា យើងនឹងយកឈ្នះពួកគេនៅទីបញ្ចប់។ បញ្ហាទាំងអស់ប្រហែលជានឹងបញ្ចប់នៅរដូវស្លឹកឈើជ្រុះ។ ប្រភពទីពីរបាននិយាយថា មិនយូរមិនឆាប់អឺរ៉ុបនឹងនឿយហត់ក្នុងការជួយ។ សហភាពអឺរ៉ុបត្រូវការទាំងលុយ ទាំងការផលិតអាវុធដើម្បីការពារខ្លួនឯង ប្រភពដដែលក៏បានព្យាករណ៍ថា បណ្តាប្រទេសនៅអឺរ៉ុបនឹង "ត្រូវចរចា" ជាមួយរុស្ស៊ីនៅពេលរដូវរងាខិតចូលមកដល់ ដោយសារពួកគេពឹងផ្អែកលើការនាំចេញថាមពលរបស់ខ្លួន ដើម្បីបន្តការផ្គត់ផ្គង់ថាមពលដល់ប្រជាជនរបស់ពួកគេ។
សារព័ត៌មាន Meduza បានរាយការណ៍ថា ក្រុមមន្ត្រីរុស្ស៊ីនៅតែមិនច្បាស់លាស់ថា អ្វីដែលនឹងក្លាយជាជ័យជំនះពិតប្រាកដ។ ប្រភពមួយបាននិយាយថា ការបង្កើនការវាយសម្រុករុលទៅមុខនឹងដណ្ដើមបានតំបន់ Donbas ភាគខាងកើត ដែលអ៊ុយក្រែននៅតែកំពុងប្រយុទ្ធតាំងពីឆ្នាំ២០១៤ មក៕
អត្ថបទ៖ សុខមាន