សៀមរាប៖ ក្រុមការងារថ្នាក់ជាតិ កំពុងសិក្សារៀបចំកាត់ឆ្វៀលដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ជូនពលរដ្ឋជិត ៤០០គ្រួសារ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលបានអាស្រ័យផលកន្លងមក។
ក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍មុន នេះ បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅ និងអាស្រ័យផលលើដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ស្រុកក្រឡាញ់ ដើម្បីកាត់ឆ្វៀលដីជិតមួយពាន់ហិកតាជូនពួកគេ ចំនួន៣៨១គ្រួសារ តាមការណែនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រឡាញ់ បានលើកឡើងថា យុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ ដើម្បីស្រាវជ្រាវ និងចាត់ការពួកជនខិលខូចទៅតាមនីតិវិធីច្បាប់ ដែលយកខ្នងប្រជាកសិករជាបង្អែកបិទបាំងភាពលោកភលន់របស់ខ្លួន។
ឯកឧត្តម បានបញ្ជាក់ថា យុទ្ធសាស្ត្រដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រជាកសិករមានការទុកចិត្ដ និងស្រលាញ់ ។ ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ដល់ខេត្តដឹកនាំអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ និងមន្ត្រីអាជ្ញាធរជំនាញនានា នៃខេត្តពាក់ព័ន្ធ ពិនិត្យនិងវាយតម្លៃឱ្យបានច្បាស់លាស់អំពីការរស់នៅ និងការអាស្រ័យផលរបស់ប្រជាកសិករ ដែលពួកគេមានលំនៅឋានអចិន្ត្រៃយ៍ និងកំពុងអាស្រ័យផលធ្វើស្រែតាំងពីយូរយាមកហើយ ឬក៏ត្រឹម១០ឆ្នាំចុះក្រោម នៅតំបន់ព្រៃលិចទឹក នៃភូមិសាស្ត្របឹងទន្លេសាប ដើម្បីផ្តល់កម្មសិទ្ធិឱ្យពួកគេប្រើប្រាស់។
លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកក្រឡាញ់ បានបញ្ជាក់ថា នៅពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្ត នឹងចាត់តាំងដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ដើម្បីពិនិត្យវាស់វែង និងបោះបង្គោលទៅតាមនិយាមការលើដីជាក់ស្តែង ដែលប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។
លោកស្រី បាណែណនាំឱ្យប្រជាពលរដ្ឋ កុំជឿការញុះញង់របស់ក្រុមឈ្មួញ និងក្រុមជន ដែលបន្លំបោកប្រាស់ ដើម្បីទទួលបានបានប្រយោជន៍នូវសិទ្ធិកាន់កាន់ដីតំបន់នោះ ដែលនាំឱ្យមានបញ្ហាប្រឈមនឹងផ្លូវច្បាប់។
អាជ្ញាធរភូមិ និងមន្ត្រីពាក់ព័ន្ធ ប្រជាពលរដ្ឋ ដែលកំពុងធ្វើការបង្កបង្កើនផលស្រូវនៅលើទីតាំងដីក្នុងតំបន់៣ នៃស្រុកកក្រឡាញ់ ត្រូវប្រកាន់យកផ្លូវច្បាប់ជាចម្បង៕ អត្ថបទ៖ ឈិត សាវី