ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋស្នើធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោតឃុំ-សង្កាត់ ជាង ១៦ម៉ឺននាក់។
ថ្លែងប្រាប់ BTV News ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកំពុងតែដំណើរការ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ក៏កំពុងតែមានសកម្មភាពមមាញឹកដូចគ្នា ដើម្បីរៀបចំចេញជាឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋដែលមានបញ្ហាបាត់ ឬខូចអត្តសញ្ញាណបណ្ណ និងមិនអាចប្រើប្រាស់បានសម្រាប់ការបោះឆ្នោត។
ឯកឧត្តម បន្តថា ដើម្បីឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ប៉ុន្តែឯកសារ ដូចជាអត្តសញ្ញាណប័ណ្ណបម្រើការបោះឆ្នោតខូច ឬបាត់ដែលមិនអាចទៅបោះឆ្នោតបាន គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បានបន្តផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋបម្រើដល់ការបោះឆ្នោត ដែលមកទល់ពេលនេះប្រជាពលរដ្ឋនៅទូទាំងប្រទេសចំនួនជាង ១៦ម៉ឺននាក់ បានទទួលឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។
ដោយឡែកជុំវិញស្ថានភាពទូទៅនៃការឃោសនាបោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា ឲ្យដឹងដែរថា ការឃោសនាបោះឆ្នោតមានដំណើរល្អប្រសើរ ទាំងសន្តិសុខ សណ្តាប់ធ្នាប់មានរបៀបរៀបរយ ខណៈបណ្តឹងក្នុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ ក្នុងអាណត្តិនេះមានចំនួនតិចជាងអាណត្តិកន្លងទៅ។
គួរបញ្ជាក់ថា ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានគណបក្សចំនួន១៧ បានធ្វើសកម្មភាពដង្ហែក្បួន និងចាក់ផ្សាយគោលនយោបាយរបស់ខ្លួនតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរ ដោយការឃោសនាបោះឆ្នោតមានរយះពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕ អត្ថបទ សេក ឧត្តម