ប្រណាំងម៉ូតូ៖ ជើងឯកប្រណាំងម៉ូតូ GP ពិភពលោក ៦សម័យ Marc Marquez នឹងអាក់ខានពីរប្រកួតដំបូងបើករដូវកាលថ្មី ២០២១ ខាងមុខនេះ ដោយសារបន្តសម្រាកក្រោយជាពីរបួសដៃ។ កីឡាកររបស់ក្រុម Honda Repsol បានអវត្តមានស្ទើរពេញមួយរដូវកាលមុន ក្រោយទទួលការវះកាត់ដៃស្តាំរបស់ខ្លួន បន្ទាប់ពីជួបគ្រោះថ្នាក់អំឡុងការប្រកួត Spanish Grand Prix។

ក្រោយមកកីឡាករវ័យ ២៨ឆ្នាំរូបនេះក៏ទទួលបានការវះកាត់លើកទី២ បន្ទាប់ពីមិនប្រយ័ត្នដួលពេលសម្រាកនៅផ្ទះ។ Marc Marquez បានបង្ហោះសារនៅលើបណ្ដាញសង្គមថា បន្ទាប់ពីទទួលបានការពិនិត្យចុងក្រោយ ត្រូវបានក្រុមគ្រូពេទ្យស្នើឲ្យសម្រាកបន្ថែមទៀត ដែលមានន័យថា Marquez នឹងអវត្តមានពីរប្រកួតបើករដូវកាលម៉ូតូ GP ដែលនឹងធ្វើឡើងនៅលើទឹកដីកាតាទាំងពីរប្រកួត។
រដូវកាលថ្មី ២០២១ ម៉ូតូ GP នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែមីនា នៅលើទីលាន Losail International Circuit និងប្រកួតទីពីរនៅទីលានដដែលនេះថ្ងៃទី៤ ខែមេសា។ រំលឹកថា អវត្តមានរបស់ Marc Marquez រដូវកាលមុន កីឡាកររបស់ក្រុម Suzuki, Joan Mir បានក្លាយជាជើងឯកពិភពលោកម៉ូតូ GP៕
អត្ថបទ៖នាង សុភាវុធ