បាល់ទាត់៖ ខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane ត្រូវបានគេដឹងថានឹងចាកចេញពី Liverpool ហើយនៅរដូវកាលក្តៅខាងមុខនេះ បន្ទាប់ពីបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលពីថ្ងៃសៅរ៍ក្រោមស្នាដៃ Real Madrid។

Mane ធ្លាប់បានបង្ហើបថានឹងមានដំណឹងល្អ ជុំវិញកិច្ចសន្យារបស់គេក្រោយវគ្គផ្តាច់ព្រ័ត្រដែលចង់បានន័យថា គេនឹងបន្តនៅជាមួយ Liverpool ប្រសិនឈ្នះពាន UCL។ តែបរាជ័យកាលពីថ្ងៃសៅរ៍នៅទីក្រុងប៉ារីសច្បាស់ណាស់ថា Sadio Mane នឹងចាកចេញពី Liverpool។ កិច្ចសន្យារបស់កីឡាករវ័យ ៣០ឆ្នាំរូបនេះនឹងអស់សុពលភាពនៅដំណាច់រដូវកាលក្រោយ ខណៈដែល Liverpool នឹងអាចលក់ចេញ Mane ប្រសើរជាងមិនបានអ្វីសោះនៅពេលដាច់កិច្ចសន្យា។
Bayern Munich គឺជាក្លិបឈានមុខគេដែលបានទាក់ទង់ចង់បាន Sadio Mane ស្របពេលខ្សែប្រយុទ្ធរបស់ពួកគេ Robert Lewandowski អាចនឹងចាកចេញនៅរដូវក្តៅខាងមុខផងដែរ។ Sadio Mane បានមកកាន់ Liverpool កាលពីឆ្នាំ២០១៦ ផ្ទេរពី Southampton ក្នុងតម្លៃ ៣៤លានផោន ឈ្នះពានសំខាន់ៗចំនួន ៦ ជាមួយ Liverpool ដែលរួមមាន English Premier League, UEFA Champions League, FA Cup, EFL Cup, UEFA Super Cup និង FIFA Club World Cup៕
អត្ថបទ៖នាង សុភាវុធ