ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា កម្ពុជានឹងទទួលបានលំហូរវិនិយោគពីក្រៅប្រទេសកាន់តែច្រើនថែមទៀត ស្របពេលកម្ពុជា បានចាកចេញពីជម្ងឺកូវីដ ១៩ ខណៈដែលប្រទេសផ្សេងៗនៅលើពិភពលោក នៅកំពុងជួបបញ្ហានៃការរីករាលនៃវិបត្តិនេះ។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគនៅកម្ពុជាថា ជុំវិញវិបត្តិនៃជម្ងឺកូវីដ ១៩ នេះ បច្ចុប្បន្នបណ្តាប្រទេសផ្សេងៗ កំពុងជួបបញ្ហានៃការរីករាលដាលនៃជំងឺនេះ។
ចំណែកកម្ពុជា គឺជាប្រទេសមួយកំពុងទទួលបានជោគជ័យ និងបានចាកចេញជាបណ្តើរៗពីវិបត្តិនេះ ដែលកត្តាទាំងអស់បានកើតឡើង ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការចាក់វ៉ាក់សាំងស្រោចលើប្រជាពលរដ្ឋ ។
ឯកឧត្តមបណ្ឌិត បន្តថា កម្ពុជានឹងទទួលបានលំហូរវិនិយោគពីក្រៅប្រទេសកាន់តែច្រើន ខណៈដែលប្រទេសផ្សេងៗ នៅកំពុងជួបនឹងវិបត្តិជំងឺកូវីដ ១៩ ដែលធ្វើឲ្យអ្នកវិនិយោគមិនហ៊ានទៅបោះទុនវិនិយោគ, ដែលកត្តាទាំងអស់នេះ គឺជាឱកាសរបស់កម្ពុជា ក្នុងការស្រូបយកសក្តានុពលវិនិយោគពីក្រៅប្រទេសបន្ថែមទៀត។
សូមបញ្ជាក់ថា ក្នុងរយៈពេល១២ ខែ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង មានទំហំទុនវិនិយោគសរុបប្រមាណជិត ៤ ពាន់លានដុល្លារ ក្នុងនោះនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១២៥គម្រោង សរុបទុនវិនិយោគចំនួន ១ ៩៧០ លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៦គម្រោង សរុបទុនវិនិយោគជាង ១ ៩៨០ លានដុល្លារអាមេរិក និងអាចបង្កើតការងារដល់ប្រជាពលរដ្ឋសរុបចំនួន ១០ ម៉ឺនកន្លែង៕
អត្ថបទ៖ សុន រ៉ាឌី