ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានអះអាងថា នៅក្នុងអំឡុងពេលដែលពិភពលោក កំពុងជួបវិបត្តិការរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានទាញយកឱកាសមានវិបត្តិនេះ ទៅ អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីបង្កើនភាពភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិអញ្ជើញទៅទស្សនា និងការជំរុញកំណើនសេដ្ឋកិច្ចវិញ នៅក្រោយស្ថានការណ៍កូវីដ១៩ធូរស្រាលវិញ។
នៅក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបទដ្ឋាន គតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅសាលាខេត្តកែប ថ្ងៃទី៣០ ខែឧសភានេះ ឯកឧត្តម ថោង ខុន ក្នុងនាមជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានថ្លែងថា បន្ទាប់ពី ឆ្នេរសមុទ្រកម្ពុជា ដូចជា ឆ្នេរសមុទ្រនៅខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង បានដាក់បញ្ចូលសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ មក បណ្តាឆ្នេរសមុទ្រកម្ពុជានៅតាមបណ្តាខេត្តទាំងនេះ គឺទទួលបានការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រជាបន្តបន្ទាប់ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតទៅទស្សនាកម្សាន្ត។
ឯកឧត្តម ថោង ខុន បន្តថា តាមការផ្សព្វផ្សាយបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានៅថ្ងៃនេះ នៅក្នុងខេត្តកែប នឹងត្រូវទទួលបានការអនុវត្តគម្រោងម្រោងឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ប្រវែង ២.៧០០ ម៉ែត្រ ដែលមានគិតគូរខ្លាំងទៅលើការបង្កើតឆ្នេរខ្សាច់កម្សាន្តរបស់រដ្ឋ អោយមានទេសភាពស្រស់ស្អាត បែបប្រណិត ដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការបង្កើនភាពទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តកែប។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានថ្លែងថា នៅពេលថ្មីៗកន្លងមកនេះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានជួយឧបត្ថម្ភគ្រឿងចក្រសម្អាតឆ្នេរជួយលើការកែលម្អឆ្នេរខ្សាច់កម្សាន្តសម្រាប់ការប្រឡងប្រណាំងឆ្នេរស្អាត និងការផ្តល់នូវគម្រោងឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ប្រវែង ២.៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដែលគម្រោងនេះ បានជះឥទ្ធិពលយ៉ាងធំធេងដល់រដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ និងបានល្បីល្បាញដល់គ្រប់មជ្ឈដ្ឋានវិនិយោគិន បានមកទំនាក់ទំនងលើគម្រោងអភិវឌ្ឍនានា មានទីក្រុងរណប គម្រោងអភិវឌ្ឍតាមបណ្ដាកោះ និងតាមបណ្ដោយឆ្នេរជាដើម។
សូមបញ្ជាក់ថា តាមស្ថិតិទេសចររយៈពេលបួនខែ ដើមឆ្នាំ២០២២ តំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបានទេសចរអន្តរជាតិមក កម្សាន្តមានចំនួនសរុប ១៨០,៦៥២ នាក់ កើនឡើង ៣១០.៥% បើធៀបនឹងឆ្នាំ២០២១ ហើយទេសចរជាតិមក កម្សាន្តមានចំនួនសរុប ១,៩៤៥,៤០៩ នាក់ កើនឡើង ១១៤.៦%បើធៀបនឹងឆ្នាំ២០២១ មានចំនួនសរុប ៩០៦,៣៧២នាក់ ។ ដោយឡែក ខេត្តកែប សម្រាប់៥ខែដើមឆ្នាំ២០២២ទទួលបានភ្ញៀវទេសចរមកទស្សនាសរុប ៧,៧៥៩ នាក់ កើនឡើង ៣៨១%៕
អត្ថបទ ស៊ុមសុខជា