បាល់ទាត់៖ អតីតអ្នកចាត់ការបណ្តោះអាសន្នរបស់ក្រុមបិសាចក្រហម Manchester United លោក Ralf Rangnick នឹងមិននៅបន្តជាមួយក្លិបក្នុងតំណែងថ្មីនៅក្នុងក្រុមប្រឹក្សាផ្តល់យោបល់ឡើយ។

បុរសវ័យ ៦៣ឆ្នាំអាល្លឺម៉ង់រូបនេះនឹងផ្តោតតែលើការងាររបស់លោកតែមួយមុខ ក្នុងតំណែងអ្នកចាត់ការក្រុមជំរើសជាតិអូទ្រីសដែលទើបត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញ។ តាមពិតទៅ តំណែងជាក្រុមប្រឹក្សាផ្តល់យោបល់នៅ Manchester United គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនៅពេលលោក Ralf Rangnick មកដល់ Old Trafford ក្នុងតំណែងដឹកនាំបណ្តោះអាសន្ននោះ តែ Manchester United នៅពេលនេះក៏រកបានអ្នកចាត់ការថ្មីផ្លូវការគឺលោក Eric ten Hag។
សូមបញ្ជាក់ថា លោក Ralf Rangnick បានមកកាន់ទឹកដី Old Trafford ក្នុងតំណែងអ្នកចាត់ការបណ្តោះអាសន្នកាលពីខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីក្លិបសំរេចបណ្តេញលោក Ole Gunnar Solskjaer។ ក្នុងតំណែងបណ្តោះអាសន្ននេះអតីតអ្នកចាត់ការ Leipzig រូបនេះបានដឹកនាំ Manchester United បញ្ចប់រដូវកាលចំណាត់ថ្នាក់លេខ ៦ នៅ English Premier League៕
អត្ថបទ៖នាង សុភាវុធ