ភ្នំពេញ ៖ ក្នុងគោលដៅស្វែងរកផ្ទុកមេរោគកូវីដ-១៩ និងដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភះឲ្យបានឆាប់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងបំពាក់ម៉ាស៊ីនតេស្តរកមេរោគកូវីដ-១៩ ស្វ័យប្រវតិ្តចំនួន០៣គ្រឿង នៅចុងខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
បើតាមលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់ BTV ព័ត៌មានកាលពីរសៀលថ្ងៃទី២៣ មីនា ២០២១ ថា នៅក្នុងកិច្ចប្រជុំបច្ចេកទេស និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងបន្ទប់ជាក់ស្តែងនានាត្រូវការពេលវេលាខ្លី រហ័ស។
ដោយមានការចូលរួមពីក្រុមការងារផ្នែកមនី្ទរពិសោធន៍ ដូចជា លោកស្រី នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង តំណាងអង្គការសុខភាពពិភពលោក តំណាងធនាគារពិភពលោក (ជាម្ចាស់គម្រោង) នាយកវិទ្យាស្ថានសុខភាពសាធារណៈ និងរដ្ឋលេខាធិការប្រចាំការអាកាសចរណ៍ស៊ីវិល ដោយយើងបានចុះពិនិត្យមើលទីតាំងនៃអគារមិត្តភាពកម្ពុជា-កូរ៉េ ដែលជាទីតាំងសម្រាប់បណ្តុះបណ្តាលអាកាសយានិក និងសហការី។
ដោយហេតុថា ម៉ាស៊ីន Polymerase Chain Reaction (PCR) តេស្តរកមេរោគកូវីដ-១៩ និងរកវីរុសមេរោគជំងឺឆ្លងផ្សេងៗទៀត ដែលកំពុងវៃលុកក្នុងប្រទេសកម្ពុជា នឹងមកដល់នាពេលឆាប់ៗនេះ។
ក្នុងនោះម៉ាស៊ីន PCR នឹងមកដល់នាចុងសប្តាហ៍នេះ។ ទោះបីជាម៉ាស៊ីនបានមកដល់ហើយក្តី ប៉ុន្តែយើងត្រូវការពេលវេលាធ្វើការជួសជុល និងកែលម្អ ដូចនេះគណៈកម្មាការចម្រុះ បានទៅពិនិត្យនៅទីតាំងមជ្ឈមណ្ឌលជាតិផ្តល់ឈាម(មជ្ឈមណ្ឌលសង្កត់ធ្ងន់ទៅលើមនី្ទរពិសោធន៍) ជាទីតាំងអំណោយផល ក្រុមការងារបច្ចេកទេស បំពាក់តែម៉ាស៊ីនPCR ចូលទៅ គឺអាចដំណើរការបានទាំងការគ្រប់គ្រង ការយកសំណាក ការទទួលសំណាក និងការធ្វើតេស្ត។ ដូច្នេះយើងសម្រេចយកទីតាំងមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ដាក់ម៉ាស៊ីន PCR។
លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបក្នុងការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ នៅរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ឲ្យក្រសួងសុខាភិបាល ធ្វើការឲ្យលឿន ដើម្បីជម្រុញការបំពាក់ម៉ាស៊ីន PCR ដាក់ដំណើរការពិនិត្យសំណាកតាមបណ្តារាជធានី-ខេត្ត៕
អត្ថបទ រដ្ឋា