បាល់ទាត់៖ ក្រុមបាល់ទាត់ Nottingham Forest បានបញ្ចប់ការទន្ទឹងរង់ចាំរយៈពេល ២៣ឆ្នាំក្នុងការត្រលប់មកកាន់ក្របខណ្ឌកំពូល English Premier League វិញ បន្ទាប់ពីយកឈ្នះ Huddersfield Town នៅវគ្គផ្តាច់ព្រ័ត្រ Play-Off នៃក្របខណ្ឌទី២ League Championship។

គ្រាប់បាល់ជ័យជំនះរបស់ Nottingham Forest ត្រូវសំរេចនៅនាទីទី៤៣ ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Levi Colwill ពីបាល់កាត់ចូលកណ្តាលរបស់ James Garner។ ជាការកែប្រែរដូវកាលដ៏អស្ចារ្យសំរាប់ Nottingham Forest បន្ទាប់ពីចាប់ផ្តើមរដូវកាលដោយចាញ់ ៦ ក្នុងចំណោម ៧ប្រកួតដំបូងដែលជាការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតក្នុងរយៈពេល ១០៨ឆ្នាំនៃប្រវត្តិសាស្ត្រក្លិប។ នៅខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ Nottingham បានបណ្តេញគ្រូបង្វឹកលោក Chris Hughton ចេញពីតំណែងតែងតាំងលោក Steve Cooper ដែលធ្លាប់ដឹកនាំ Swansea ដល់វគ្គ Play-Off ពីរលើកនោះជាអ្នកបន្តតំណែង។
លោក Steve Cooper ដែលគេគិតថា អ្នកទទួលថ្មបាក់នោះបាននាំ Nottingham Forest ឡើងមកដល់លេខ ៦ កាលពីខែកុម្ភៈ និងបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៤។ មិនតែប៉ុណ្ណោះអតីតជើងឯកអឺរ៉ុប ២សម័យមួយនេះក៏បានយកឈ្នះកាំភ្លើងធំ Arsenal និង Leicester City ផងដែរនៅ FA Cup មុនចាញ់ក្រុមជើងឯក Liverpool នៅវគ្គ ៨ក្រុមចុងក្រោយ។ ថ្វីបើមិនមែនជាជើងឯកនៃក្របខណ្ឌ League Championship នេះក៏ដោយ Nottingham Forest ត្រូវបានគេប៉ាន់ប្រមាណថា បានទទួលផលចំណេញពីការត្រលប់មកកាន់ English Premier League នេះដល់ទៅ ១៧០លានផោន៕
អត្ថបទ៖នាង សុភាវុធ