រុស្ស៊ី៖ យោងតាមសេចក្ដីរាយការណ៍ព័ត៌មានជាច្រើនបានឲ្យដឹងថា ទាហានជាង ១០០នាក់នៃសមាជិកអង្គភាពឆ្មាំជាតិរុស្ស៊ីត្រូវបានបណ្ដេញចេញពីការងារ ដោយសារតែមិនស្ដាប់បញ្ជាឲ្យចូលប្រយុទ្ធនៅសមរភូមិក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន The Guardian បានរាយការណ៍ថា ក្រុមឆ្មាំជាតិចំនួន ១១៥នាក់គឺជាផ្នែកមួយនៃទាហានសហព័ន្ធរុស្ស៊ី Rosgvardia ជាកងកម្លាំងដាច់ដោយឡែកពីយោធា ដែលជារឿយៗត្រូវបានប្រើប្រាស់ដោយវិមានក្រឹមឡាំង ជាកម្លាំងសន្តិសុខផ្ទៃក្នុងប្រឆាំងនឹងអំពើភេរវកម្ម និងដើម្បីកម្ចាត់ក្រុមប្រឆាំង។ ការបណ្ដេញឆ្មាំទាំង ១១៥នាក់នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីតុលាការយោធារុស្ស៊ីបានច្រានចោលបណ្ដឹងរបស់ពួកគេ ជំទាស់ទៅនឹងការបញ្ចប់មុខតំណែងការងាររបស់ពួកគេ។
ក្នុងសេចក្តីសម្រេចមួយដែលបានបង្ហោះតាមអ៊ីនធឺណិតកាលពីសប្តាហ៍មុន ចៅក្រមបានសម្រេចថា ទាហានទាំងនោះត្រូវបានបណ្តេញចេញដោយស្របច្បាប់។ យោងតាមសារព័ត៌មាន The Guardian តុលាការបាននិយាយថា ទាហានទាំងនោះបានប្រកែកមិនស្ដាប់បញ្ជា ហើយបានវិលត្រឡប់ទៅអង្គភាពវិញ ដោយមិនទទួលបញ្ជាឲ្យចូលរួមការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន