វ៉ូវីណាម៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាកាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានរៀបចំអាហារសាមគ្គីដល់ម្ចាស់មេដាយ ១៤គ្រឿងសម្រាប់ប្រភេទកីឡាវ៉ូវីណាម បន្ទាប់ពីដណ្ដើមបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមកាលពីពេលថ្មីៗកន្លងទៅ។
លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានបញ្ជាក់ថា ការរៀបចំអាហារសាមគ្គីនេះដោយសារលោកបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ប្រតិភូ និងអត្តពលិកកីឡាវ៉ូវីណាមកម្ពុជារហូតដណ្ដើមបានលទ្ធផលមួយដ៏ល្អប្រសើរជូនជាតិ ហើយលោកបានសន្យានឹងបន្ដការគាំទ្របន្ថែមទៀត ដើម្បីរួមចំណែកជាមួយវិស័យកីឡាជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានាពេលខាងមុខ។ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានរំឭកថា សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី ១៨នាក់ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយកាលពីថ្មីៗ ខណៈជាលទ្ធផលក្រុមកីឡាវ៉ូវីណាមកម្ពុជាដណ្ដើមបានមេដាយសរុប ១៤គ្រឿងរួមមានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩គ្រឿង។
សូមរំលឹកថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ដោយកម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិក ៥៦០នាក់ចូលរួម ខណៈលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយសរុប ៦៣គ្រឿងរួមមានមេដាយមាស ៩ ប្រាក់ ១៣ និងសំរឹទ្ធ ៤១ ដែលជាសមិទ្ធផលប្រវត្តិសាស្ដ្រមួយដ៏ល្អ ក្នុងប្រវត្តិសាស្ដ្រចូលរួមប្រកួតកីឡាស៊ីហ្គេមរបស់អត្តពលិកកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា