អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីបានវាយសម្រុករុលទៅមុខកាន់តែជ្រៅ ចូលទៅក្នុងទីក្រុងដ៏សំខាន់ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយមានការវាយប្រយុទ្ធគ្នាចេញពីផ្លូវមួយទៅផ្លូវមួយជាមួយកងកម្លាំងរបស់ក្រុង Kyiv ក្នុងការវាយប្រយុទ្ធគ្នាដែលបានធ្វើឲ្យទីក្រុង Sievierodonetsk រងការបំផ្លិចបំផ្លាញ។

ខណៈការវាយសម្រុករុលទៅមុខរបស់ទីក្រុង Moscow ចេះតែកើនឡើង កងកម្លាំងរុស្ស៊ីក៏បានបាញ់ផ្លោងទៅលើតំបន់មួយចំនួននៃភាគខាងជើងរបស់អ៊ុយក្រែនផងដែរ។ ហើយការវាយប្រយុទ្ធគ្នាដណ្ដើមគ្រប់គ្រងតំបន់ភាគខាងត្បូងប្រទេសនេះនៅតែបន្ត។ ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីបានរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដល់ទៅ ២២លានតោន ដែលបណ្ដាលឲ្យមានវិបត្តិស្បៀងអាហារកើនឡើង។ ក្រុមអ្នកវិភាគយោធាបានហៅការវាយប្រយុទ្ធដណ្ដើមទីក្រុង Sievierodonetsk ថា ជាផ្នែកមួយនៃការប្រជែងពេលវេលារបស់វិមានក្រឹមឡាំង។
ទីក្រុងនេះសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដណ្ដើមកាន់កាប់ឲ្យបានទាំងស្រុងយ៉ាងឆាប់រហ័សលើតំបន់ឧស្សាហកម្ម Donbas ភាគខាងកើត មុនពេលការមកដល់គ្រឿងសព្វាវុធបន្ថែមទៀតរបស់លោកខាងលិច ដើម្បីជួយពង្រឹងកម្លាំងការពារជាតិអ៊ុយក្រែន។ អភិបាលក្រុង Sievierodonetsk លោក Oleksandr Striuk បាននិយាយថា ទីក្រុងនេះត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ លោកថា ការបាញ់ផ្លោងកាំភ្លើងធំបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងខូចខាតអគារនានា ៩០% បណ្ដាញផ្គត់ផ្គង់ចរន្តអគ្គិសនី និងប្រព័ន្ធទំនាក់ទំនងផ្សេងៗត្រូវបានកាត់ផ្ដាច់យ៉ាងច្រើន ចូលទៅកាន់ទីក្រុងមួយនេះដែលមានប្រជាជនរស់នៅប្រមាណ ១សែននាក់៕
អត្ថបទ៖ សុខមាន