ភ្នំពេញ៖ ខណៈនេះ ប្រជាពលរដ្ឋនៅតែបន្តទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត សម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ចំពោះការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ក៏នឹងបិទបញ្ចប់នៅថ្ងៃទី ៣ខែ មិថុនា ទូទាំងប្រទេសផងដែរ។
បច្ចុប្បន្នប្រជាពលរដ្ឋ ដែលមានបញ្ហាបាត់អត្តសញ្ញាណប័ណ្ណ រឺអត្តសញ្ញាណប័ណ្ណមានការកែតម្រូវ រឺហួសសុពលភាព នៅតែបន្តទៅទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោត តាមឃុំសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។
ជាក់ស្ដែងសម្រាប់ព្រឹកថ្ងៃទី ៣១ ខែឧសភា នេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ ដែលបានស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត លើកឡើងថា នេះជាឯកសារសំខាន់ សម្រាប់បំពេញកាតព្វកិច្ចជាពលរដ្ឋចូលរួមការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ សង្កាត់ដែលខ្លួនពេញចិត្ត និងជឿជាក់ថាអាចអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
ពាក់ព័ន្ធនឹងការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ជូនប្រជាពលរដ្ឋនេះ លោក លឹម សារិន ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត នៅសង្កាត់ព្រែកកំពឹស លើកឡើងថា ការចេញឯកសារជូនប្រជាពលរដ្ឋ ដែលត្រូវស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត សម្រេចបានជាង ៩០ភាគរយហើយ។
លោកក៏អំពាវដល់ពលរដ្ឋដែលនៅសល់ ត្រូវរួសរាន់មកធ្វើឯកសារបញ្ជាក់ ព្រោះការចេញឯកសារជូន នឹងបិទបញ្ចប់ថ្ងៃទី ៣ មិថុនាខាងមុខ។
សម្រាប់ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ក្នុងក្របខណ្ឌ ទូទាំងប្រទេស គឺ គជប បានចេញឯកសារជូនប្រជាពលរដ្ឋ បានចំនួនជាង១៦ម៉ឺននាក់។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប៕ អត្ថបទ៖ គឹមហុក