ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមីនា ឯកឧត្តមទេសរដ្ឋមន្ត្រី សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួល បញ្ជូនកងកម្លាំងរក្សាសន្តិភាព ឯកឧត្តម មាន ច័ន្ទយ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីជំនាញក្រសួងសុខាភិបាល បានអញ្ជើញត្រួតពិនិត្យទីតាំងចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅសាលាហ្វឹកហ្វឺនពហុសាសន៍ ACO ខេត្តកំពង់ស្ពឺ ។
នៅក្នុងដំណើរត្រួតពិនិត្យនេះ សាលារាជធានីភ្នំពេញ និងមន្ត្រីជំនាញក្រសួងសុខាភិបាលបានសម្រេចយកមណ្ឌលចត្តាឡីស័ក ២កន្លែងទៀតរបស់មជ្ឈមណ្ឌលគ្រប់គ្រងរក្សាសន្តិភាពរួមមាន ៖ មណ្ឌលចត្តាឡីស័ក នៅសាលាហ្វឹកហ្វឺនពហុសាសន៍ACOស្រុកភ្នំស្រួច និងមណ្ឌលចត្តាឡីស័ក នៅសាលាហ្វឹកហ្វឺនឧត្តុង្គ ខេត្តកំពង់ស្ពឺ ធ្វើជាមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ តាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងនាមអគ្គនាយកមជ្ឈមណ្ឌលជាតិ បានថ្លែងប្រាប់BTVនៅថ្ងៃទី២៤ ខែមីនានេះ បានថ្លែងថា ការយកមណ្ឌលចត្តាឡីស័ក ទាំងពីរកន្លែងរបស់អង្គភាពទ័ពមួកខៀវសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងលើកំលាំងយោធា និងពលរដ្ឋស៊ីវិល គឺបានធ្វើឡើងបន្ទាប់ពីក្រុមគ្រូពេទ្យយោធាមួកខៀវយើងមានបទពិសោធន៍ មានសមត្ថភាពព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ ជាពិសេសការព្យាបាលជាសះស្បើយចំពោះអ្នកជំងឺទ័ពមួកខៀវមកពីសាធារណៈអាហ្វ្រិកកណ្តាលលើកចុងក្រោយបានជាចំនួន៩នាក់សល់២នាក់ទៀតកំពុងបន្តព្យាបាល។
សូមបញ្ជាក់ថា នៅក្នុងឱកាសចុះត្រួតពិនិត្យមណ្ឌលព្យាបាលអ្នកជំងឺកូវីដទីតាំងថ្មីនេះ ក្រុមគ្រូពេទ្យ ក៏បានអញ្ជើញមកចាក់ថ្នាំវ៉ាក់សាំងការពារកូវីដ-១៩ ជូនកងទ័ពមួកខៀវកម្ពុជាចំនួនជិត២០០នាក់ ដែលទើបត្រឡប់មកពីប្រទេសលីបង់ និងសាធារណៈអាហ្វ្រឹកកណ្តាល និងទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក នៅក្នុងមជ្ឈមណ្ឌលផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ដែរ សម្រាប់ទ័ពមួកខៀវដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅក្រៅប្រទេស បច្ចុប្បន្នគឺមានទ័ពមួកខៀវកម្ពុជានៅ ប្រទេសម៉ាលី នៅអាហ្វ្រិកកណ្តាល លីបង់ គឺបានចុះឈ្មោះចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលរៀបចំដោយអង្គការសហប្រជាជាតិអស់ហើយ ដោយឡែកទ័ពមួកខៀវនៅប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង គឺបាននិងកំពុងត្រៀមចុះឈ្មោះបន្ត៕
អត្ថបទ ៖ ស៊ុម សុខជា